(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដាក់ចេញនូវវិធានការ សម្រាប់ផ្ទះមានតម្លៃលើស៧ម៉ឺនដុល្លារអាមេរិក ត្រូវបានអនុញ្ញាតឲ្យដកតម្លៃ៧ម៉ឺនដុល្លារអាមេរិកចេញពីមូលដ្ឋាន នៃការគិតពន្ធប្រថាប់ត្រា។
លើសពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសលើកលែងពន្ធប្រថាប់ត្រា ដល់អចលនទ្រព្យទិញ-លក់ តម្លៃក្រោម៧ម៉ឺនដុល្លារ រហូតដល់ឆ្នាំ២០២៤។
ការដាក់ចេញនូវវិធានការនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល -ផ្នែក ឯក ជន» លើកទី១៩ ដើម្បីបើកការជជែកលើការធ្វើ ធុរកិច្ចនៅកម្ពុជា។ ជំនួបនេះធ្វើឡើងនាវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីបង្កើនការជួយដល់វិស័យសំណង់ និងអចលនទ្រព្យ ខ្ញុំសូមដាក់ចេញនូវវិធានការបន្ថែម លើកលែងពន្ធប្រថាប់ត្រាបន្ថែមទៀត លើការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី និងមានតម្លៃលើសពី៧ម៉ឺនដុល្លារអាមេរិក ដែលអនុញ្ញាតឲ្យដកទំហំទឹកប្រាក់៧ម៉ឺនដុល្លារ ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា សម្រាប់ការទិញលំនៅឋាន ក្នុងគម្រោងលំនៅឋានបុរី ដែលមានអាជ្ញាប័ណ្ណអាជីវកម្មអចលនវត្ថុ និងបានចុះបញ្ជីត្រឹមត្រូវ រហូតដល់ដំណាច់ឆ្នាំ២០២៤»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា តាមរយៈវិធានការនេះ អ្នកទិញលំនៅឋានគ្រប់ប្រភេទ និងទទួលបាននូវការលើកទឹកចិត្ត ពោលគឺសម្រាប់អ្នកដែលមានធនធានតិច ដែលទិញផ្ទះ ក្នុងតម្លៃចាប់ពី៧ម៉ឺនដុល្លារអាមេរិកចុះ នៅក្នុងបុរី នឹងត្រូវបានរួចពន្ធប្រថាប់ត្រា ហើយសម្រាប់អ្នកដែលទិញលំនៅឋាន ថ្លៃលើសពី៧ម៉ឺនដុល្លារ ក៏នឹងទទួលបាននូវការលើកទឹកចិត្ត តាមរយៈការដកទឹកប្រាក់៧ម៉ឺនដុល្លារអាមេរិក ចេញពីមូលដ្ឋានគិតពន្ធផងដែរ។
ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកជាឧទាហរណ៍ថា ប្រសិនបើលំនៅឋាន មានតម្លៃ១០ម៉ឺនដុល្លារ ដែលច្រើនជាង៧ម៉ឺនដុល្លារនោះ មូលដ្ឋានសម្រាប់គិតពន្ធប្រថាប់ត្រា គឺនៅសល់តែ៣ម៉ឺនដុល្លារទេ គឺយក១០ម៉ឺនដុល្លារ ដក៧ម៉ឺនដុល្លារចេញ ហើយពន្ធប្រថាប់ត្រា គិតតែ៣ម៉ឺនដុល្លារប៉ុណ្ណោះ។
សូមជម្រាបថា កាលពីឆ្នាំ២០២២កន្លងទៅ រាជរដ្ឋាភិបាល បានប្រកាសលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះតម្លៃស្មើ ឬក្រោមតម្លៃ៧ម៉ឺនដុល្លារ រយៈពេល១ឆ្នាំ ដល់ដំណាច់ឆ្នាំ២០២២ ប៉ុន្តែនៅពេលនេះ រាជរដ្ឋាភិបាល បានសម្រេចបន្តអនុគ្រោះ រហូតដល់ឆ្នាំ២០២៤៕