Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាទទួលបានវិញ្ញាបនបត្រកំណត់ត្រាពិភពលោកស្តីពីត្រីទឹកសាបធំបំផុត លើលោករបស់ស្ថាប័នកំណត់ត្រាពិភពលោក

Admin Alynana | Nov 14, 2023
កម្ពុជាទទួលបានវិញ្ញាបនបត្រកំណត់ត្រាពិភពលោកស្តីពីត្រីទឹកសាបធំបំផុត លើលោករបស់ស្ថាប័នកំណត់ត្រាពិភពលោក
Clinic narith

ភ្នំពេញ៖ លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាតំណាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោក ស្តីពីត្រីទឹកសាបធំបំផុត របស់ស្ថាប័នកំណត់ត្រាពិភពលោក។

វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍណ៍ជលផលទឹកសាបនៃរដ្ឋបាលជលផល បានចូលរួមរៀបចំពិធីសិក្ខាសាលាថ្នាក់អន្តរជាតិស្តីពី ស្ថានភាពត្រីបបែលយក្សទឹកសាបក្នុតំបន់ទន្លេមេគង្គ និងទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោក ស្តីពីត្រីទឹកសាបធំបំផុត ពីស្ថាប័នកំណត់ត្រាពិភពលោក (Guinness World Records) នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

កម្មវិធីខាងលើនេះ មានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជាតំណាងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហាស់ សារ៉េត និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា ព្រមទាំងតំណាងស្ថាប័នកំណត់ត្រាពិភពលោក (Guinness World Records) រួមទាំងភាគីពាក់ព័ន្ធជាច្រើនរូបផងដែរ។

វិញ្ញាបនបត្រកំណត់ត្រាពិភពលោកចំនួនពីរ ដែលប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃនេះ រួមមាន ត្រីទឹកសាបធំបំផុត (ត្រីបបែលយក្សទម្ងន់ ៣០០គីឡូក្រាម ដែលអ្នកនេសាទចាប់បានដោយចៃដន្យនាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង) និងសំណាកត្រីបបបែលយក្សដែលធំបំផុតពីស្ថាប័នកំណត់ត្រាពិភពលោក (Guinness World Records)។

ជាមួយគ្នានេះ លោក ហាស់ សារ៉េត ដែលជាតំណាងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រគល់ប័ណ្ណសរសើរដល់អ្នកពាក់ព័ន្ធចំនួន ២៦នាក់ ដែលបានចូលរួមក្នុងការការពារ និងអភិរក្សធនធានជលផល ដែលកំពុងរងគ្រោះថ្នាក់។

គួរឱ្យដឹងដែរថា សមិទ្ធិផលដ៏គួរឲ្យកត់សម្គាល់នេះ បានមកពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលមានរដ្ឋបាលជលផលជាសេនាធិការ ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ និងសហគមន៍នេសាទ ដែលបានចូលរួមថែរក្សា ការពារ និងអភិរក្សធនធានជលផល។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើឱ្យចូលរួមថែរក្សា ការពារ និងអភិរក្សប្រភេទត្រីមេពូជនៅក្នុងទន្លេមេគង្គលើ គឺជាការរក្សាបាននូវប្រភពពូជត្រី សម្រាប់ចែកចាយទៅតំបន់បឹងទន្លេសាប ទន្លេមេគង្គក្រោម និងតំបន់លិចទឹកផ្សេងទៀត ដែលជាកន្លែងនេសាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានធ្វើនេសាទសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ៕