អគ្គស្នងការនគរបាលជាតិថៃ លោកឧត្តមសេនីយ៍ Torsak Sukwimol បានបដិសេធ ជុំវិញព័ត៌មានថៃមានបំណងចង់ឱ្យប៉ូលិសចិនមកដើរល្បាតតំបន់ទេសចរណ៍សំខាន់ៗ។
កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី១៣ ខែវិច្ឆិកា បានស្រង់សម្តីមេប៉ូលិសថៃបង្ហាញជំហរបដិសេធព័ត៌មានដែលថា រដ្ឋាភិបាលគ្រោងនឹងអញ្ជើញប៉ូលិសចិនមកល្បាតតំបន់ទេសចរណ៍ល្បីៗ ដើម្បីបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរចិនដែលជាប្រភពចំណូលដ៏សំខាន់របស់ថៃ។
ឧត្តមសេនីយ Torsak Sukwimol បានសង្កត់ធ្ងន់ថា ៖« ប៉ូលីសភូមិន្ទថៃមិនបានធ្វើសំណើបែបនេះទេ ហើយនេះជាការយល់ច្រឡំ» ។
ឧត្តមសេនីយរូបនេះ មិនយល់ស្របនឹងគំនិតនៃការអញ្ជើញប៉ូលីសចិន ដើម្បីការពារភ្ញៀវទេសចរចិននៅថៃទេ ដែលនេះវារំលោភលើអធិបតេយ្យភាពរបស់ថៃ។ ប៉ូលីសថៃអាចការពារបានទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
កន្លងមក ប៉ូលិសចិនត្រូវបានដាក់ពង្រាយនៅអ៊ីតាលី នៅកន្លែងដែលមានបញ្ហាទំនាក់ទំនង ប៉ុន្តែសម្រាប់ថៃមិនមានបញ្ហាបែបនេះទេ ។ នេះបើតាមឧត្តមសេនីយ Torsak Sukwimol ។
ទន្ទឹមនេះ នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន ក៏ចេញមុខបដិសេធរឿងគម្រោងសហការជាមួយប៉ូលិសចិននេះដែរ។ លោកចាត់ទុកថា ជាការភ័ន្តច្រឡំយ៉ាងធ្ងន់ធ្ងរ ។
លោក សេដ្ឋា អះអាងថា កិច្ចពិភាក្សានាពេលថ្មីៗនេះ ផ្តោតលើកិច្ចសហការក្នុងការបង្ក្រាបឧក្រិដ្ឋជនចិននៅថៃ មិនមែនជាការដាក់ពង្រាយប៉ូលិសចិនសម្រាប់ល្បាតនោះទេ។
ព៌ត៌មានជុំវិញការអញ្ជើញប៉ូលិសចិនឱ្យរួមគ្នាធ្វើការល្បាតជាមួយប៉ូលិសថៃនៅតាមតំបន់ទេសចរណ៍សំខាន់ៗ ត្រូវបានលើកឡើងក្នុងជំនួបរបស់នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ជាមួយតំណាងអាជ្ញាធរទេសចរណ៍ ប៉ូលិសអន្តោប្រវេសន៍ និងទេសចរណ៍ថៃ។ លោក សេដ្ឋា បានដឹកនាំកិច្ចប្រជុំនេះ នៅអាកាសយានដ្ឋានសុវណ្ណភូមិកាលពីថ្ងៃទី១២ ខែវិច្ឆិកា មុនពេលចាកចេញទៅចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅអាម៉េរិក៕