Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋាភិបាល​លើក​ទឹកចិត្ត​ឱ្យ​រៀបចំ​ឥណទាន​ឡើងវិញ​ដល់​អ្នករងគ្រោះ​ក្នុង​វិស័យ​ទេសចរណ៍​និង​អ្នកទិញ​អចលនទ្រព្យ

Admin Alynana | Nov 15, 2023
រដ្ឋាភិបាល​លើក​ទឹកចិត្ត​ឱ្យ​រៀបចំ​ឥណទាន​ឡើងវិញ​ដល់​អ្នករងគ្រោះ​ក្នុង​វិស័យ​ទេសចរណ៍​និង​អ្នកទិញ​អចលនទ្រព្យ
Clinic narith

ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ចន្ទ បាន​លើក​ទឹក​ចិត្ត​ដល់​គ្រឹះ​ស្ថាន​ធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ​ឱ្យ​រៀបចំ​ឥណទាន​ឡើង​វិញ ជា​ការ​អនុគ្រោះ​សម្រាប់​អ្នក​ដែល​រង​ផល​ប៉ះ​ពាល់​ក្នុង​វិស័យ​ទេស​ចរណ៍​នៅ​ខេត្ត​សៀម​រាប និងអតិថិជន​ក្នុង​វិស័យ​អចលន​ទ្រព្យ។

លោក ហ៊ុន ម៉ាណែត ថ្លែង​បែប​នេះ នៅ​ក្នុង​វេទិកា​«រាជ​រដ្ឋាភិបាល-ផ្នែក​ឯកជន»​លើក​ទី​១៩ ដែល​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ។

លោក​បញ្ជាក់​ថា៖ «អនុញ្ញាត​ឱ្យ​គ្រឹះ​ស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​រៀបចំ​ឥណទាន​ឡើង​វិញ ចំពោះ​វិស័យ​ទេស​ចរណ៍​ក្នុង​ខេត្ត​សៀមរាប ជូន​អតិថិជន​ដែល​ជួប​ប្រទះ​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុប​ណ្តោះ​អាសន្ន ដោយ​មិន​ចាំបាច់​ធ្វើ​សំវិធាន​ធន​រយៈ​ពេល​១២​ខែ»។

លោក ហ៊ុន ម៉ាណែត ក៏​លើក​ទឹក​ចិត្ត​ដល់​គ្រឹះ​ស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​អនុគ្រោះ​ដល់​អតិថិជន​ក្នុង​វិស័យ​អចលនទ្រព្យ​ដែល​ជួប​ប្រទះ​ការ​លំបាក ហើយ​សិក្សា​និង​វិភាគ​ច្បាស់​លាស់​អំពី​ស្ថានភាព​របស់​អតិថិជន​ទាំង​អស់​នោះ។

ក្នុង​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូវីដ​១៩ រដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​មាន​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ដល់​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់។

លោក អ៊ិន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា និងជា​ដៃ​គូ​សហ​ប្រធាន​ក្រុម​ការងារ​ធនាគារ​និង​ហិរញ្ញវត្ថុ ថ្លែង​ថា​ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋា​ភិបាល​គឺ​ជា​ការ​ត្រឹម​ត្រូវ​ក្នុង​ការ​ជួយ​ដល់​អតិថជន​ដែល​រង​ផល​ប៉ះពាល់។

លោក​បញ្ជាក់​ថា​៖ «យើង​មាន​លទ្ធភាព​ទាំង​ជួយ​គាំទ្រ​អតិថជន​របស់​យើង​ ហើយ​រាជរដ្ឋាភិបាល​ក៏​អនុញ្ញាត​ឱ្យ​យើង​រក្សា​ដើម​ទុន​បម្រុង​កាតព្វកិច្ច​ហ្នឹង​ នៅ​កម្រិត​ទាប​ជាង​អ្វី​ដែល​ត្រូវ​ធ្វើ​អ៊ីចឹង(នេះ​ឯង​) គឺ​ជា​វិធានដ៏ត្រឹម​ត្រូវ​មួយ​សម្រាប់​ជួយ​សេដ្ឋកិច្ច​ផង ជួយ​ខ្លួន​ឯង​ដែល​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ផង ហើយ​ជួយ​អតិថិជន​របស់​ខ្លួន​ឯង​ផង ព្រោះ​គ្រឹះ​ស្ថាន​ទាំង​អស់​សុទ្ធ​តែ​មាន​កាតព្វកិច្ច​សម្រាប់​ការ​លូត​លាស់​នៃ​អាជីវកម្ម​របស់​គេ​ផង​ ហើយ​គេ​លូត​លាស់​រីក​ចម្រើន​ហ្នឹង​គេ​បំពេញ​កាតព្វកិច្ច​ទុន​សម្រាប់​ប្រទេស​ជាតិ​ផង​»។

លោក​បន្ថែម​ថា ​របៀប​នៃ​កា​រ​ជួយ​ក៏​អាស្រ័យ​ទៅ​តាម​ផល​ប៉ះពាល់​របស់​អតិថិជន​ដែរ ហើយ​ក៏​មិន​មាន​ជា​ការ​ដំឡើង​អត្រា​ការ​ប្រាក់​បន្ថែម​ទៅ​លើ​អតិថិជន​នោះ​ទេ។

ប្រធាន​នាយក​ដ្ឋាន​ទំនាក់​ទំនង​នៃ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ​និង​ជា​អ្នក​នាំ​ពាក្យសមាគម លោក​ កាំង តុងងី បា្រប់​វីអូអេ​ថា ការ​ស្នើ​របស់​រដ្ឋាភិបាល​ឲ្យរៀប​ចំ​កម្ចី​ឥណ​ទាន​ឡើង​វិញ គឺ​ជា​រឿង​ប្រសើរ​សម្រាប់អតិថិជន​ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​ ដែល​មាន​ផល​លំបាក​ក្នុង​ការ​សង​បំណុល។ លោក​បន្ត​ថា សមាគម​មីក្រូ​ហរិញ្ញ​វត្ថុ​កម្ពុជា​នឹង​ធ្វើ​ការ​ពិនិត្យ និង​ផ្តល់​ជូន​នូវ​ការ​រៀប​ចំ​ឡើង​វិញ​ទៅ​លើ​ឥណទាន​សម្រាប់​អ្នក​ដែល​រង​ផល​ប៉ះ​ពាល់​ក្នុង​វិស័យ​ទេស​ចរណ៍​នៅ​ខេត្ត​សៀមរាប និង​អតិថិ​ជន​ក្នុង​វិស័យ​អចលន​ទ្រព្យ ដោយ​ស្រប​ទៅ​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​របស់​អតិថិជន។

លោក​ថ្លែង​ថា៖ «អ្វី​ដែល​យើង​ធ្វើ​គឺ​នៅ​ក្នុង​លក្ខ​ខណ្ឌ​អាស្រ័យ​ទៅ​លើ​ស្ថាន​ភាព​ជាក់​ស្តែង​នីមួយៗ​របស់​អតិថិជន​ ដោយ​សារ​តែ​ការ​រៀប​ចំ​ឥណទាន​ឡើង​វិញ​យើង​អត់​អាច​ប្រើ​វិធី​មួយ​សម្រាប់​មនុស្ស​គ្រប់ៗ​គ្នា​បាន​ទេ ពីព្រោះ​យើង​ដឹង​ហើយ​អ្នក​ខ្លះ​ប៉ះ​តិច​ អ្នក​ខ្លះ​ប៉ះ​ខ្លាំង​ ទៅ​តាម​កម្រិត​ជាក់​ស្តែង​របស់​អតិថិជន​នីមួយៗ។ ហើយ​ការ​រៀប​ចំ​ឥណ​ទាន​ឡើង​វិញ​នេះ​គឺ​ទាល់​តែ​មាន​ការ​អនុញ្ញាត​យល់​ព្រម​ពី​អតិថិជន​ដែរ​ ប្រសិន​បើ​អតិថិជន​អត់​ជូន​ដំណឹង​ អត់​ស្នើ​សុំ​មក​យើង​ទេ យើង​អត់​អាច​រៀប​ចំ​ជូន​គាត់​ដែរ​ នេះ​ជា​ច្បាប់​បញ្ញត្តិ​តម្រូវ​តែ​ម្តង»។

បើ​តាម​លោក កាំង តុងងី ប្រសិន​បើ​មាន​វិស័យ​ផ្សេង​ទៀត ក្រៅ​ពី​វិស័យ​ទេសចរណ៍ និង​អចលន​ទ្រព្យ ដែល​តម្រូវ​ឱ្យ​មាន​ការ​ធ្វើ​ឥណ​ទាន​ឡើង​វិញ​នោះ វា​នឹង​មាន​ផល​ជះ​អវិជ្ជមាន​មួយ​ចំនួន​មក​កាន់​គ្រឹះ​ស្ថាន​មីក្រូ​ហរិញ្ញ​វត្ថុ​ដោយ​កែ​តម្រូវ​ចំណាត់​ថ្នាក់​របស់​អតិថិជន និង​កាត់​បន្ថយ​ប្រាក់​ចំណូល​មួយ​ចំនួន​របស់​គ្រឹះ​ស្ថាន។ ប៉ុន្តែ​លោក​ថា​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នឹង​ព្យាយាម​សម្រប​សម្រួល​ទៅ​តាម​ករណី​ជាក់​ស្តែង​នៃ​ផល​លំបាក​របស់​អតិថិជន។

លោក​ថ្លែង​ថា៖ «ការ​រៀប​ចំ​ឥណទាន​ឡើង​វិញ​មិន​មាន​ផល​ប៉ះ​ពាល់​ជា​អវិជ្ជ​មាន​ប៉ុន្មាន​ទៅ​លើ​គ្រឹះ​ស្ថាន​ តែ​យ៉ាង​ណា​យើង​មើល​អតិថិជន​ជា​គោល​ដៅ​ធំ​ ប្រសិន​បើ​ប៉ះ​ពាល់​គ្រឹះ​ស្ថាន​តិច​តួច​គាត់​នឹង​ធ្វើ​ការ​រៀប​ចំឥណទាន​ឡើង​វិញ​ជូន​ដល់​អតិថិជន​ហើយ»។

លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិប​តេយ្យ​នៃសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ថ្លែង​ថា​ការ​គិត​គូ​របស់​រដ្ឋា​ភិបាល​ជា​រឿង​ល្អ​មួយ​សម្រាប់​អ្នក​ដែល​រង​គ្រោះ ដែល​មិន​អាច​មាន​លទ្ធភាព​បង់​សង​បំណុល​របស់​ពួក​គេ។ លោក​ក៏​ស្នើ​រដ្ឋាភិបាល​មានយន្តការ​ក្នុង​ការ​បង្កើត​គណៈ​កម្មការ​ពិសេស​មួយ ដើម្បី​ត្រួត​ពិនិត្យ​ថា​តើ​អ្នក​រង​គ្រោះ​ពិត​ជា​ទទួល​បាន​ការ​អនុ​គ្រោះ​ឬ​យ៉ាង​ណា​ពី​គ្រឹះ​ស្ថាន​ធនាគារ និង​ហរិញ្ញវត្ថុ​ផ្សេងៗ។

លោក​បញ្ជាក់​ថា៖ «ហើយ​បើ​គ្រាន់​តែ​អំពាវ​នាវ វា​គ្រាន់​តែ​ជា​ការ​អំពាវនាវ​តែ​ប៉ុណ្ណោះ មិន​មាន​យន្ត​ការ​ច្បាស់​លាស់ គឺ​វា​រឿង​ដដែល នៅ​តែ​ដដែល​ទេ»។

បើ​តាម​លោក វន់ ពៅ ក្រុម​ដែល​រង​គ្រោះ​ខ្លាំង​ក្លា ហើយ​មិន​អាច​បង់​សង​បំណុល ក៏​មានអ្នក​ប្រកប​មុខ​របរ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​លោក​ថា​រដ្ឋាភិបាល​ត្រូវ​ពិចារណា​ជួយ​ពួក​គេ។
នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គ​ការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត លើក​ឡើង​ថា​នៅ​កម្ពុជា​បច្ចុប្បន្ន​វិស័យ​ទេសចរណ៍ និង​វិស័យ​អចលន​ទ្រព្យ​កំពុង​ស្ថិត​ក្នុង​បញ្ហា​លំបាក​ ហើយ​ទទួល​រង​វិបត្តិ​ច្រើន​ជាពិសេស​សម្រាប់​អ្នក​ដែល​បាន​ជំពាក់​បំណុលមីក្រូ​ហរិញ្ញវត្ថុ។ លោក​បន្ត​ថា​ការ​រៀប​ចំ​កម្ចី​ឥណទាន​ឡើង​វិញ​ គឺ​បង្ហាញ​ពី​ការ​សម្រួល​របស់​មីក្រូ​ហរិញ្ញវត្ថុ ដើម្បី​សម្រប​សម្រួល​ដល់​អ្នក​ជំពាក់។

លោក អំ សំអាត បញ្ជាក់​ទៀត​ថា​គ្រឹះ​ស្ថាន​មីក្រូ​ហរិញ្ញវត្ថុ​គួរ​រៀប​ចំ​កម្ចី​ឥណទាន​ឡើង​វិញ​ ដោយ​មិន​ត្រូវ​បូក​បន្ថែម​ការ​ប្រាក់ ឬ​បំណុល​ដែល​បាន​ជំពាក់​ពី​មុន​នោះ ពី​ព្រោះ​វា​បន្ថែម​ចំនួន​បំណុល​ទៅ​ដល់​អ្នក​ដែល​មាន​កម្ចី។

លោក​ថ្លែង​ថា៖ «ប៉ុន្តែ​ក្នុង​ការ​រៀប​ចំ​កម្ចី​ឡើង​វិញ​នេះ​ យើង​សំណូម​ពរ​ថា​កុំ​ឱ្យ​បូក​បញ្ចូល​ទាំង​ជំពាក់​ការ​ ឬក៏​ថ្លៃ​ជំពាក់​ពី​មុន​មក​ ហើយ​និង​បូក​ក្លាយ​ជា​ថ្លៃ​ដើម​ហើយ​រៀប​ចំ​កម្ចី​ឡើង​វិញ​។ អាហ្នឹង​វា​កាន់​តែ​ធ្វើ​ឱ្យ​កើន​បំណុល​សម្រាប់​ពួក​គាត់​ដែរ​ អ៊ីចឹង​ជា​ការ​សម្រួល​យើង​ធ្វើ​យ៉ាង​ម៉េច​ទៅ​តាម​លទ្ធភាព​ជាក់​ស្តែង»។

បើ​តាម​លោក អំ សំអាត ការ​រៀប​ចំ​នូវ​កម្ចី​ឥណទាន​ឡើង​វិញ​នេះ​នឹង​មិន​ធ្វើ​ឱ្យ​គ្រឹះ​ស្ថាន​មីក្រូ​ហរិញ្ញ​វត្ថុ​មាន​ការ​ខាត​បង់​នោះ​ទេ ហើយ​វា​នឹង​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ក្នុង​ការ​សម្រួល​លទ្ធភាព​នៃ​ការ​សង​ពី​អ្នក​ដែល​មាន​កម្ចី​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ៕