Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវឱ្យគ្រឹះស្ថានបឋមសិក្សា ផ្ដោតលើស្ដង់ដាសាលារៀនគំរូ

Media LNN | Nov 15, 2023
រដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវឱ្យគ្រឹះស្ថានបឋមសិក្សា ផ្ដោតលើស្ដង់ដាសាលារៀនគំរូ
Clinic narith

(ភ្នំពេញ)៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ណែនាំឱ្យគ្រឹះស្ថានបឋមសិក្សាសាធារណៈទាំងអស់ ផ្ដោតលើការអនុវត្ត «ស្ដង់ដាសាលារៀនគំរូ» និង «ពានរង្វាន់សាលាគំរូ សម្ដេចមហាបវរធិបតី» និងការចូលរួមអនុវត្ត «យុទ្ធនាការសាលារៀនស្អាតគ្មានសំរាម» ដើម្បីលើកម្ពស់គុណភាពអប់រំ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ សាលារៀនទាំងអស់ នឹងបើកបវេសនកាល នៅដើមខែធ្នូខាងមុខ។ នេះបើតាមសេចក្ដីណែនាំរបស់ក្រសួង។

ក្រសួងអប់រំ ដាក់ឱ្យអនុវត្តស្ដង់ដាសាលារៀនគំរូចំនួន៥សាលា ពីមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា។ សាលាគំរូនេះ ក្រសួងបានកំណត់វិធានការ និងសូចនាករពាក់ព័ន្ធចំនួន៤ គឺលើកកម្ពស់អភិបាលកិច្ចសាលារៀន, ការពិនិត្យកែសម្រួលនិងរៀបចំកម្មវិធីសិក្សា ឱ្យស្របតាមតម្រូវការនៃការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ការយកចិត្តទុកដាក់លើសុខភាពសិស្ស និងជំរុញអាណាព្យាបាលសិស្ស រួមទាំងសហគមន៍ ឱ្យក្លាយជាដៃគូរដ្ឋនិងសហគមន៍ដើម្បីការអប់រំ។ 

សាលារៀនគំរូ គឺផ្ដោតលើលទ្ធផលសិស្ស ការបង្រៀន ការចូលពីសហគមន៍ និងគណនេយ្យភាព

រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា សាលាគំរូ គឺជាសាលាដែលសម្រេចបាននូវស្ដង់ដាចំនួន៥ គឺលទ្ធផលសិក្សារបស់សិស្ស, ស្ដង់ដាបង្រៀននិងរៀន, ស្ដង់ដាចូលរួមរបស់សហគមន៍, ស្ដង់ដាដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និងស្ដង់ដាគណនេយ្យភាពរបស់សាលារៀន។ 

ដូច្នេះ ដើម្បីអនុវត្ត និងក្លាយជាសាលាគំរូ  ពិសេសធានាបាននូវការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន ក្រសួងអប់ ណែនាំឱ្យមន្ទីរអប់រំ ការិយាល័យអប់រំនៅក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈទាំងអស់ ត្រូវត្រៀមជួសជុលអគារសិក្សា បន្ទប់រៀន តុកៅអី បរិស្ថានសាលា ឱ្យបានមុនថ្ងៃបើបវេសនកាល។ ចំពោះការងារលើកកម្ពស់អភិបាលកិច្ចសាលា ត្រូវពិនិត្យមើលលើការងារស្ថិតិ ដូចជាចំនួនសិស្ស បញ្ជីពិន្ទុសិក្សា និងសរសេរប្រវត្តិសង្ខេបសិស្សជាដើម។ 

ទន្ទឹមនឹងនេះ គណៈគ្រប់គ្រងសាលារៀន ត្រូវណែនាំមាតាមិតា អាណាព្យាបាលសិស្ស ពីប្រភេទអាហារ ដើម្បីកាត់បន្ថយកង្វះអាហារូបត្ថម្ភ។ គ្រូទាំងអស់ត្រូវបញ្ជ្រាបខ្លឹមសារអប់រំពីការថែរក្សាបរិស្ថាន អនាម័យ ទម្លាប់ល្អក្នុងការគ្រប់គ្រងសំរាម ហើយត្រូវបង្កើតឱ្យមានសួនច្បារ សួនបន្លែ ក្នុងសាលាសម្រាប់ជាសោភ័ណភាព ម្លប់ និងកាត់បន្ថយកម្ដៅផងដែរ។ 

ជាមួយគ្នាដែរ ភាគីសាលារៀនត្រូវរៀបចំ កម្មវិធីជួបជុំ ជាមួយមាតាបិតា អាណព្យាបាលកុមារ និងសហគមន៍ ដើម្បីជូនដំណឹងពីស្ថានភាពសិស្សឬកូនៗរបស់ពួកគេ រួមទាំងផ្ដល់ព័ត៌មានពីសកម្មភាព ផែនការសិក្សាសាលា ដើម្បីរួមគ្នាលើកកម្ពស់ចំណេះដឹងនិងការអប់រំធនធានមនុស្ស៕