(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់អះអាងថា មន្រ្តីនគរបាលចំនួនបួនរូប ដែលបានបាញ់បោះសេរី នៅភ្នំគិរីរម្យ កាលពីកន្លងទៅថ្មីៗនេះត្រូវបានដកចេញពីក្របខណ្ឌ ហើយសម្តេច ជំរុញឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការឲ្យដូចជាភ្លៀងរលឹម ចំពោះកងកម្លាំងប្រដាប់អាវុធ ឬ មន្រ្តីរាជការណាដែលធ្វើការបាញ់បោះសេរីបែបនេះ និងប្រើប្រាស់គ្រឿងញៀនជាដើមនោះ។
ថ្លែងនៅក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរាទៅតំបន់អភិវឌ្ឍកោះពេជ្រ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ មិនត្រូវលើកលែកឲ្យទៀត នោះទេចំពោះកងកម្លាំងដែលបានប្រព្រឹត្តខុសដូចជាករណីនៅភ្នំគិរីរម្យ កាលពីថ្ងៃទី១១ខែវិច្ឆិកា កន្លងទៅ នេះត្រូវចាត់វិធានការភ្លាមៗ ហើយករណីបែបនេះត្រូវតែធ្វើជាដាច់ខាតចាប់ពីពេលនេះតទៅ។
សូមបញ្ជាក់ថា ជនសង្ស័យបួនរូប ដែលគេដឹងថាជាមន្រ្តីនគរបាល ដែលបានបាញ់បោះដោយ សេរីចំនួនជាង២០០គ្រាប់កាលពីកន្លងទៅនោះនាពេលនេះត្រូវបានចូលខ្លួនមកសារភាព ហើយសមត្ថកិច្ច ក៏កំពុងបន្តសាកសួរដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមានផងដែរ។ យ៉ាងណាក៏ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកានេះថា ជនសង្ស័យទាំងបួន រូបនេះត្រូវបានដកចេញពីក្របខណ្ឌនគរបាល ដើម្បីចាត់ទុកជាការព្រមានដល់មន្រ្តីផ្សេងៗទៀតដែលព្រហើនបែបនេះ៕