Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងការងារ និងក្រុមហ៊ុនយក្សរបស់កូរ៉េ បង្កើតកិច្ចសហការអភិវឌ្ឍធនធានមនុស្សកម្ពុជា ក្នុងវិស័យឧស្សាហកម្មធុនធ្ងន់

Media LNN | Nov 16, 2023
ក្រសួងការងារ និងក្រុមហ៊ុនយក្សរបស់កូរ៉េ បង្កើតកិច្ចសហការអភិវឌ្ឍធនធានមនុស្សកម្ពុជា ក្នុងវិស័យឧស្សាហកម្មធុនធ្ងន់
Clinic narith

 

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនHD HYUNDAI HEAVY INDUSTRIA របស់កូរ៉េខាងត្បូង បានសម្រេចបង្កើតកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍធនធានមនុស្ស​នៅកម្ពុជា លើ​វិស័យ​ឧស្សាហកម្មធុនធ្ងន់។ ការសម្រេចនេះ គឺធ្វើឡើងក្នុងកិច្ចពិភាក្សាត្រីភាគីរវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Park Jung Wook អគ្គ​រដ្ឋទូតកូរ៉េខាងត្បូងប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Kim Dong il អគ្គនាយក​រង​ក្រុម​ហ៊ុន HD HYUNDAI HEAVY INDUSTRIA ដែលភាគច្រើនផលិតនាវា និង​កប៉ាល់ធំៗ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង។ 

ក្នុងកិច្ចពិភាក្សាដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគី​ទាំង​អស់​បាន​ឯកភាព​លើ​ការ​បណ្តុះបណ្តាល​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​មាន​ចំណេះ​ដឹង​លើ​វិស័យ​ឧស្សាហកម្ម​ធុនធ្ងន់​ក្នុង​សង្វាក់ផលិតកម្មផលិតនាវា និងកប៉ាល់ដែលកំពុងមានសក្តានុពល។

ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​អំណរ​គុណ​ដល់​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េខាងត្បូង និង​ក្រុមហ៊ុន​ដែល​បាន​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​នេះ​ជូន​ពលរដ្ឋ​កម្ពុជា ឱ្យមានជំនាញក្នុងវិស័យឧស្សហកម្មធុនធ្ងន់មួយនេះ។ ទន្ទឹមនឹងនេះ ក្រសួងបាន​ត្រៀម​ខ្លួន​រួចជាស្រេច ដើម្បីជួយគាំទ្រដល់ក្រុមហ៊ុន ក្នុងការបណ្តុះ​បណ្តាល​លើ​ជំនាញ​នេះ​នៅ​កម្ពុជា​ឱ្យ​ទទួលបានភាពជោគជ័យ។

សម្រាប់ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងវិញ កិច្ចសហការបណ្តុះបណ្តាលនេះ នឹងក្លាយ​ជា​ចំណុច​ជ្រោម​ជ្រែង​ដ៏​សំខាន់​បន្ថែមទៀតដែលនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស្អិតរមួត និង​ស៊ីជម្រៅទាំងផ្នែកសេដ្ឋកិច្ច និងភាពជាមិត្តរបស់ប្រជាជននៃប្រទេសទាំងពីរ។

សូមរំលឹកបន្តិចថា ក្រុមហ៊ុន HD HYUNDAI HEAVY INDUSTRIA គឺជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​កម្រិតពិភពលោក HYUNDAI Group ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧២ ដែល​មាន​ជំនាញលើការផលិតកប៉ាល់ និងនាវាធំៗ។

កិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​ក្រុម​ហ៊ុន​យក្ស​របស់​កូរ៉េខា​ង​ត្បូង​នា​ពេល​នេះ គឺធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើប​តែប្រកាសដាក់ចេញឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេក​ទេស​ដល់​យុវជន​មក​ពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១.៥លាននាក់ ដើម្បី​ផ្តល់​ជំនាញ​ឆាប់​រហ័ស និង​ទទួលបានការងារធ្វើសមរម្យ៕