ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃពុធនេះថា ការលក់អចលនទ្រព្យរបស់ប្រទេសចិន បានធ្លាក់ចុះក្នុងល្បឿនលឿនជាងមុននៅក្នុងខែតុលា ហើយការវិនិយោគលើអចលនទ្រព្យ ក៏បានធ្លាក់ចុះដូចគ្នាដែរ ដោយបង្ហាញថា វិស័យដែលរងគ្រោះដោយវិបត្តិមួយនេះនៅមិនទាន់ងើបចេញពីការធ្លាក់ចុះរបស់ខ្លួននៅឡើយទេ បើទោះជាទីក្រុងប៉េកាំង បានប្រឹងប្រែងគាំទ្រចំពោះវិស័យនេះក្នុងពេលថ្មីៗក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
យោងតាមការគណនាដោយផ្អែកលើទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិ (NBS) របស់ចិន បានឱ្យដឹងថា ការលក់អចលនទ្រព្យនៅក្នុងប្រទេសចិន បានធ្លាក់ចុះជាង២០% គិតជាយូនីក (floor area) កាលពីខែកញ្ញាឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ប៉ុន្តែបើគិតចាប់ពីខែមករា ដល់ខែតុលាឆ្នាំនេះ គឺការលក់អចលនទ្រព្យបានធ្លាក់ចុះជិត៨% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយបើគិតត្រឹមរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣ គឹបានធ្លាក់ចុះជាង៧%។
អាជ្ញាធរបាននិងកំពុងបង្កើនវិធានការដើម្បីគាំទ្រវិស័យអចលនទ្រព្យរួមទាំងការបន្ធូរបន្ថយការរឹតបន្តឹងការទិញផ្ទះ និងការកាត់បន្ថយចំណាយលើកម្ចីផងដែរ បើទោះជាវិធានការទាំងនេះមិនបានជួយជំរុញការងើបឡើងវិញដ៏មានអត្ថន័យនៅក្នុងទីក្រុងធំៗក៏ដោយ។
ទិន្នន័យសេដ្ឋកិច្ចថ្មីៗបានលាយបញ្ចូលគ្នាជាមួយនឹងទិន្នផលឧស្សាហកម្ម និងការលក់រាយធ្វើឱ្យកើនលើសពីការរំពឹងទុកនៅក្នុងខែតុលា ទោះជាសូចនាករផ្សេងទៀតដូចជាការនាំចេញ និងតម្លៃទំនិញប្រើប្រាស់បានបង្ហាញពីការអូសបន្លាយពេលនៃកំណើនយ៉ាងណាក៏ដោយ។
កិច្ចប្រជុំស្ដីពីគោលនយោបាយហិរញ្ញវត្ថុកាលពីខែតុលា បានផ្តល់នូវការភ្ញាក់ផ្អើលសម្រាប់ទីផ្សារអចលនទ្រព្យបន្តិចបន្តួច ប៉ុន្តែអាជ្ញាធរនៅតែមានការព្រួយបារម្ភពីហានិភ័យមួយចំនួនដែលអាចហៀរចូលក្នុងឧស្សាហកម្មផ្សេងទៀតដែលគំរាមកំហែងដល់ស្ថិរភាពហិរញ្ញវត្ថុ។
ទីភ្នាក់ងារព័ត៌មាន ប៊្លូមប៊ឺច (Bloomberg) បានរាយការណ៍នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកាថា ចិនគ្រោងនឹងផ្តល់ហិរញ្ញវត្ថុក្នុងតម្លៃទាបយ៉ាងតិច១៣៧ពាន់លានដុល្លារដល់ការកែលម្អភូមិនៅក្នុងទីក្រុង និងកម្មវិធីលំនៅឋានដែលមានតម្លៃសមរម្យ។
ទន្ទឹមនឹងនេះដែរ ការវិនិយោគលើអចលនទ្រព្យបានធ្លាក់ចុះជិត១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនបន្ទាប់ពីបានធ្លាក់ចុះជិត១៩% នៅក្នុងខែកញ្ញា ឆ្នាំនេះ។ ការចាប់ផ្ដើមសាងសង់ថ្មី ដែលគិតជាយូនិកបានធ្លាក់ចុះជាង២៣%នៅក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣ បន្ទាប់ពីបានធ្លាក់ចុះជាង២៣%ដែរក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំណេកមូលនិធិដែលរៃអង្គាសរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិន ក៏បានធ្លាក់ចុះជិត១៤%ដែរ នៅក្នុងរយៈពេលពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីបានធ្លាក់ចុះជាង១៣%ក្នុងពេលដូចគ្នាកាលពីឆ្នាំមុន៕