(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ប្តេជ្ញាចិត្តបន្តនូវប្រពៃណី និងគោលនយោបាយ ដែលរាជរដ្ឋាភិបាលអាណត្តិបានធ្វើ គឺការប្រយុទ្ធប្រឆាំងដាច់ខាតចំពោះទស្សនៈ ឬនយោបាយជ្រុលនិយម។
ថ្លែងពេលអញ្ជើញស្រោចស្រព ព្រះសុគន្ធវារីប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់១១អង្គ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដែរថា មានជម្លោះនឹងគ្នាហើយ ទោះគ្មានអាវុធទំនើប និងប្រើតែដុំថ្ម ក៏អាចបង្កគ្រោះថ្នាក់ឱ្យគ្នាដែរ។
សម្តេចធិបតី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានភាពសប្បាយរីករាយ ដោយសារនៅក្នុងប្រទេសយើង មិនមានជម្លោះសាសនា ដែលជាកត្តាមួយ នៅក្នុងជម្លោះសហគមន៍ ហេតុនេះហើយ រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នឹងបន្តនូវប្រពៃណី និងគោលនយោបាយ ដែលរាជរដ្ឋាភិបាលអាណត្តិមុន ៤០ឆ្នាំមកនេះ ដែលបានបន្ត គឺការគោរពប្រតិបត្តិ ការជំរុញ និងបើកសិទ្ធិសេរីភាព នៅក្នុងការធានាសិទ្ធិសេរីភាពសាសនា គ្រប់សាសនាទាំងអស់ និងការព្យាយាម ដើម្បីថែរក្សានូវសុខដុមរមណីយកម្មសាសនា ដែលជាធាតុមួយសំខាន់ នៅក្នុងការថែរក្សាសុខសន្តិភាព និងលុបបំបាត់ឲ្យអស់ នូវគោលនយោបាយ ឬទស្សនៈជ្រុលនិយមណាមួយ ដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព នេះជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៧»។
បើតាមប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី ប្រទេសច្រើនណាស់ ដែលដាក់គោលនយោបាយបទឈប់បាញ់ តែនៅតែបាញ់គ្នាទៀត ដោយសារជំនឿជឿទុកចិត្តអត់បាន។ សម្តេចបន្តថា កន្លែងខ្លះត្រូវបញ្ចប់ ដោយសារការកម្ទេចចោលទាំងស្រុងនូវអង្គការចាត់តាំង អត់មានយោគយល់ ឬដាក់គោលនយោបាយឈ្នះ-ឈ្នះទេ ហេតុនេះហើយ ការបង្កើត និងបញ្ចប់សង្គ្រាម នៅតែរក្សាចិត្តនៃការគុំគួនគ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នយោបាយឈ្នះ-ឈ្នះ បានផ្តល់នូវការយោគយល់ បានធ្វើឲ្យជឿទុកចិត្ត និងធានានូវសន្តិភាពមួយ ដែលមានចីរភាព។ នៅក្នុងតំបន់ខ្លះ ដូចឃើញនៅក្នុងទូរទស្សន៍ គឺសព្វថ្ងៃនេះ តំបន់ខ្លះព្យាយាមដោះស្រាយជម្លោះ ៣០ ឬ៤០ឆ្នាំហើយ មិនទាន់បញ្ចប់ ដោយសារការបង្កើតរូបមន្តមួយ ក្នុងការទុកចិត្តគ្នាមិនបាន ជាពិសេសជម្លោះនៅក្នុងសាសនា។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានប្តេជ្ញាចិត្តកម្ចាត់អ្នកនយោបាយជ្រុលនិយម។ សម្តេចតេជោ បានលើកឡើងថា ប្រទេសដទៃ ទោះបីជាប្រឆាំងគ្នា ក៏គេមិនសម្លាប់ប្រជាជនឯងនោះទេ គេទុកឱកាសឲ្យប្រជាជនមានឱកាស មានមុខរបរ និងមានការងារធ្វើ តាមរយៈការជំរុញបរទេសឲ្យមកវិនិយោគនៅក្នុងស្រុក៕