សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនឯកឧត្តម បួកែវ ភុំវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចំានៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។
នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី និង ឯកឧត្តម បួកែវ ភុំវង្សសាយ បានលើកឡើងពីចំណងមិត្តភាពជាប្រពៃណីនិងជាបងប្អូននៃប្រទេសទំាងពីរ ដែលមានតំាងពីយូរលង់មកហើយ។ ទំនាក់ទំនងដ៏ល្អ ដែលបានប្រែក្លាយជាដៃគូយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង បានបម្រើដល់ផលប្រយោជន៍ប្រទេសនិងប្រជាជនទំាងសងខាង។ ដូច្នេះនៅក្នុងជំនាន់ថ្មីនេះ ថ្នាក់ដឹកនាំនិងពលរដ្ឋទំាងសងខាង បានបន្តរួមគ្នាថែរក្សានូវវប្បធម៌ ទំនាក់ទំនងដ៏ល្អនេះឱ្យស្ថិតស្ថេរជានិច្ចនិរន្តរ៍តទៅ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម បួកែវ ភុំវង្សសាយ និងសហការី មកកាន់វិមានរដ្ឋសភា។ សម្តេចបានថ្លែងអំណរគុណនិងកោតសរសើរដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងយកអស់កម្លាំងកាយចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលមានជាយូរមកហើយ ឱ្យកាន់តែរឹងមាំ និងស្អិតរមួតថែមទៀត។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា នៅក្នុងកាលៈទេសៈដែលពិភពលោកទើបងើបចេញពីវិបត្តិកូវីដ-១៩ និងការប្រឈមបញ្ហាស្មុគស្មាញសង្រ្គាម ការប្រទាញប្រទង់ភូមិសាស្រ្តនយោបាយ ការរឹតចំណងមិត្តភាព ពង្រឹងសាមគ្គីភាពរវាងប្រទេសជិតខាងជាកត្តាសំខាន់បំផុត។ កម្ពុជា-ឡាវ ជាមិត្តនិងបងប្អូននឹងគ្នានៅគ្រប់កាលៈទេសៈ ទំាងពេលក្រលំបាក និងនៅក្នុងពេលត្រូវកសាង និងអភិវឌ្ឍប្រទេសដូចគ្នា៕
រូបភាព៖ រដ្ឋសភា