(ភ្នំពេញ)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានណែនាំឱ្យមន្ទីររ៉ែ និងថាមពល ពិគ្រោះយោបល់ជាមួយមន្ទីរវប្បធម៌ និងមន្ទីរទេសចរណ៍ តាមរាជធានី-ខេត្ត ពិនិត្យមើលតំបន់ភ្នំ បឹងបួ ណាដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត ដើម្បីរៀបចំដាក់តំបន់នោះជាកន្លែងអភិរក្ស មិនឱ្យអភិវឌ្ឍន៍ប៉ះពាល់តំបន់នោះឡើយ។
ឯកឧត្តម កែវ រតនៈ ពិនិត្យឃើញថា តំបន់ភ្នំ បឹងបួ ខ្លះគឺមានប្រវត្តិដំណើររឿង ដែលចាត់ទុកជាតម្លៃប្រវត្តិសាស្រ្តបាន។ ដូច្នេះហើយ ទើបឯកឧត្តម ណែនាំឱ្យមន្ទីររ៉ែ និងថាមពល តាមរាជធានី-ខេត្ត ធ្វើការជាមួយមន្ទីរវប្បធម៌ និងមន្ទីរទេសចរណ៍ ដើម្បីកំណត់តំបន់ភ្នំ បឹងបួ ប្រវត្តិសាស្រ្ត ដើម្បីអភិរក្ស។
ម្យ៉ាងទៀត ដើម្បីឱ្យមានតុល្យភាពក្នុងការអភិវឌ្ឍធនធានរ៉ែ និងការអភិរក្ស រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មិនអនុញ្ញាតឱ្យនាំចេញរ៉ែថ្មសំណង់ចេញទៅក្រៅប្រទេសឡើយ ដោយសារមានបំណងទុកថ្មសំណង់នេះ បម្រើការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។ លោក កែវ រតនៈ លើកឡើងបែបនេះ នៅក្នុងវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ៖ «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២១វិច្ឆិកា។
ចំពោះ វិស័យថ្មសំណង់ កន្លងមកក្រសួងធ្លាប់បានចេញអាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនចំនួន១៥១ ប៉ុន្តែសព្វថ្ងៃ កំពុងដំណើរការមានត្រឹមតែ៦៩អាជ្ញាប័ណ្ណប៉ុណ្ណោះ ហើយតម្រូវការថ្មសំណង់ក៏មិនសូវមានច្រើនដែរ។ ដូច្នេះ រដ្ឋមន្ត្រីក្រសួងរ៉ែ អះអាងថា កម្ពុជាគ្មានមូលហេតុអ្វី ត្រូវបើកការដ្ឋានសំណង់ជីកកកាយភ្នំឱ្យកញ្ឆតទៀតឡើយ៕