Alynana Media Cambodia
Icon Collap
clinic narit

សម្តេច ហ៊ុន ម៉ាណែត៖ សូមជឿទុកចិត្តលើរាជរដ្ឋាភិបាលដែលកំពុងកសាងសមិទ្ធផលជូនពលរដ្ឋនៅជំនាន់នេះ មិនឱ្យរង់ចាំដល់ជំនាន់ក្រោយឡើយ

Admin Alynana | Nov 22, 2023
សម្តេច ហ៊ុន ម៉ាណែត៖ សូមជឿទុកចិត្តលើរាជរដ្ឋាភិបាលដែលកំពុងកសាងសមិទ្ធផលជូនពលរដ្ឋនៅជំនាន់នេះ មិនឱ្យរង់ចាំដល់ជំនាន់ក្រោយឡើយ
Clinic narith

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា សូមជឿទុកចិត្តលើរាជរដ្ឋាភិបាលអាណត្តិថ្មីដែលកំពុងកសាងសមិទ្ធផល ហេដ្ឋារចនាសម្ពន្ធ ផ្លូវថ្នល់ ព្រលានយន្តហោះ កំពង់ផែ អភិវឌ្ឍប្រទេសជាតិដោយការទទួលខុសត្រូវ ដើម្បីនាំផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យបានឆាប់នៅជំនាន់នេះ មិនឱ្យប្រជាពលរដ្ឋរង់ចាំដល់ជំនាន់ក្រោយឡើយ។

ការថ្លែងបែបនេះរបស់សម្ដេចធិបតីធ្វើឡើងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមរហូតដល់ខេត្តបាត់ដំបង ជាមួយនឹងការបើកការដ្ឋានសាងសង់ផ្លូវពីសិរីសោភ័ណទៅកាន់ប៉ោយប៉ែត នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មីនឹងបន្តគម្រោងវិនិយោគលើគម្រោងហេដ្ឋារចនាសម្ពន្ធធំៗ ដើម្បីពង្រីកសរសៃឈាមសេដ្ឋកិច្ច តភ្ជាប់សរសៃឈាមកឱ្យកាន់តែរីកធំធាត់ ដើម្បីចិញ្ចឹមប្រជាពលរដ្ឋទូទាំងប្រទេស។

សម្ដេចធិបតីបានបន្តថា ប្រជាពលរដ្ឋច្បាស់ជាចង់ឱ្យប្រទេសជាតិរីកចម្រើនលឿន មិនចង់ចាំដល់ឆ្នាំក្រោយៗ ឬយូរទៀតនោះទេ ដូច្នេះសូមជឿទុកចិត្តលើរាជរដ្ឋាភិបាលអាណត្តិថ្មីដែលកំពុងកសាងសមិទ្ធផល ហេដ្ឋារចនាសម្ពន្ធ ផ្លូវថ្នល់ ព្រលានយន្តហោះ កំពង់ផែ អភិវឌ្ឍប្រទេសជាតិដោយការទទួលខុសត្រូវ ដើម្បីនាំផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យបានឆាប់នៅជំនាន់នេះ មិនឱ្យប្រជាពលរដ្ឋរង់ចាំដល់ជំនាន់ក្រោយឡើយ។

សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «យើងត្រូវធ្វើយ៉ាងណាឱ្យប្រទេសយើងរីកបានលឿន ផលប្រយោជន៍បានដល់ដៃរបស់ប្រជាពលរដ្ឋ អ៉ីចឹងការខិតខំប្រមូលធនធាន កៀរគរពីគ្រប់មជ្ឈដ្ឋាន គ្រប់រូបភាពទាំងអស់ ដោយការទទួលខុសត្រូវ ចាំបាច់ត្រូវតែធ្វើ ធ្វើយ៉ាងណាបានផលដល់ប្រជាពលរដ្ឋ កុំចាំជំនាន់ក្រោយ គឺត្រូវតែធ្វើនៅជំនាន់នេះ»។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការខិតខំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺធ្វើយ៉ាងណាដើម្បីតបស្នងចំពោះការទុកចិត្តគាំទ្ររបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យឈ្នះឆ្នោត បានដឹកនាំប្រទេសជាតិបន្តទៀត ហើយរាជរដ្ឋាភិបាលរបស់ប្រជាពលរដ្ឋនឹងបន្តខិតខំបម្រើប្រជាពលរដ្ឋដោយការទទួលខុសត្រូវខ្ពស់ តួយ៉ាងដូចជាការខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធនាពេលនេះ ក៏ចូលទៅក្នុងផែនការដឹកនាំបម្រើប្រជាពលរដ្ឋផងដែរ៕