Alynana Media Cambodia
Icon Collap
clinic narit

UN ថាភពផែនដីនឹងឡើងកំដៅ ២,៩ អង្សាសេបន្ថែមទៀតនៅពេលខាងមុខ

Admin Alynana | Nov 22, 2023
UN ថាភពផែនដីនឹងឡើងកំដៅ ២,៩ អង្សាសេបន្ថែមទៀតនៅពេលខាងមុខ
Clinic narith
អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃចន្ទថា ការសន្យាកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់របស់ប្រទេសធំៗនៅលើពិភពលោកនៅតែមិនអាចទប់ផែនដីពីការកើនឡើងកម្តៅ២,៩អង្សាសេនៅក្នុងសតវត្សរ៍នេះ ដែលលើសពីគោលដៅដែលបានកំណត់។ អង្គការសហប្រជាជាតិបានជំរុញឱ្យក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង២០ ឬG2០ កាត់បន្ថយបន្ថែមទៀតនូវការបំភាយឧស្ម័នទៅកាន់បរិយាកាស។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AFP។

របាយការណ៍ចេញដោយកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ ស្តីពីគម្លាតនៃការបំភាយឧស្ម័នប្រចាំឆ្នាំ(UNEP)នេះ ត្រូវបានចេញផ្សាយនៅមុនកិច្ចប្រជុំស្តីពីអាកាសធាតុ (COP28) នៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីឆ្លើយតបនឹងភាពបរាជ័យក្នុងការទប់ស្កាត់ការឡើងកម្តៅផែនដីរហូតមកដល់ពេលនេះ។ យោងតាមកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ ពិភពលោកកំពុងជួបប្រទះនឹងល្បឿនដ៏លឿនទាំងចំនួន និងទំហំនៃបម្រែបម្រួលអាកាសធាតុ។

ដោយផ្តោតលើប្រទេសស្ថិតក្នុងផែនការកាត់បន្ថយការបំភាយឧស្ម័ន កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ បានព្រមានថា ភពផែនដីស្ថិតនៅលើផ្លូវឆ្ពោះទៅរកមហន្តរាយកម្តៅកើនឡើងពី២,៥អង្សាសេទៅ២,៩អង្សាសេ នៅឆ្នាំ២១០០។ បើតាម UNEP នេះគ្រាន់តែផ្អែកលើគោលនយោបាយ និងការខិតខំប្រឹងប្រែងកាត់បន្ថយការបំភាយឧស្ម័ន ដែលមានស្រាប់ផង។ យ៉ាងណា របាយការណ៍របស់ UNEP បន្ថែមថា ពិភពលោកនៅតែបន្តកើនឡើងនូវកម្រិតឧស្ម័នផ្ទះកញ្ចក់ចូលទៅក្នុងបរិយាកាស ដោយកើនឡើង១,២% ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២២ ដោយកត្តាធំនោះ គឺបណ្តាលមកពីការដុតឥន្ធនៈហ្វូស៊ីល និងដំណើរការឧស្សាហកម្មលើពិភពលោក។

យ៉ាងណាមិញប្រធានកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ លោក អ៊ីនហ្ក័រ អេនដឺសុន (Inger Andersen) បាននិយាយថា ក្រុមប្រទេស G2០ ដែលជាមប្រទេសបំភាយឧស្ម័នផ្ទះកញ្ចប់ច្រើនជាងគេបំផុតប្រមាណ៨០%របស់ពិភពលោក គឺត្រូវទទួលខុសត្រូវដឹកនាំការកាត់បន្ថយ ប៉ុន្តែលោកមើលឃើញថា ប្រទេសមួយចំនួនកំពុងឋិតក្នុងភាពអសកម្ម។ UNEP បាននិយាយថា សីតុណ្ហភាពសកលបានឡើងលើសពី១,៥អង្សាសេ អស់រយៈពេលជាង៨០ថ្ងៃរួចហើយនៅឆ្នាំនេះ បើទោះបីជាកម្រិតកម្តៅនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីអាកាសធាតុ ត្រូវបានវាស់ជាមធ្យមក្នុងរយៈពេលជាច្រើនទសវត្សរ៍ទៅមុខក៏ដោយ។

គួរជម្រាបថា ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសអំពីអាកាសធាតុឆ្នាំ២០១៥ ប្រទេសជាសមាជិក១៩៦ប្រទេសលើពិភពលោក បានយល់ព្រមកាត់បន្ថយការឡើងកម្តៅផែនដីនៅក្រោម២អង្សាសេ ឬឱ្យនៅក្រោម១,៥អង្សាសេរឹតតែល្អបើអាចធ្វើបាន។ ទោបីជាយ៉ាងណា កាលពីសប្តាហ៍មុន អង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា កម្រិតនៃឧស្ម័នផ្ទះកញ្ចក់សំខាន់ៗចំនួនបី គឺកាបូនឌីអុកស៊ីត មេតាន និងអុកស៊ីដនីត្រាតសុទ្ធតែបានបំបែកកំណត់ត្រាបំភាយរួចបាត់ទៅហើយកាលពីឆ្នាំមុន៕