Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាចម្រាញ់រ៉ែមាសបានជិត ៩តោន និងទទួលចំណូលពីសួយសារជាង ១៤,៤លានដុល្លារ

Admin Alynana | Nov 22, 2023
កម្ពុជាចម្រាញ់រ៉ែមាសបានជិត ៩តោន និងទទួលចំណូលពីសួយសារជាង ១៤,៤លានដុល្លារ
Clinic narith

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានអះអាងថា គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជាផលិតបានដុំមាស ចំនួន ១.០៤០ដុំ ស្មើនឹងជាង ៨.៩៧៩គីឡូក្រាម (ជិត ៩តោន) និងទទួលបានចំណូលពីសួយសារចំនួនជាង ១៤,៤លានដុល្លារ (ចំណូលមិនមែនសារពើពន្ធ)។

ការបញ្ជាក់ឲ្យដឹងបែបនេះបានធ្វើឡើងក្នុងឱកាសដែលលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ជើញចូលរួមក្នុងវេទិកាពិភាក្សា ស្ដីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

បន្ថែមពីនោះទៀត លោករដ្ឋមន្ដ្រី កែវ រតនៈ បានឲ្យដឹងថា គិតមកដល់ពេលនេះ ក្រសួងបានចេញអាជ្ញាបណ្ណរុករករ៉ែមាស ដល់ក្រុមហ៊ុនសរុបចំនួន ៩ ខណៈក្រុមហ៊ុនចំនួន ៦ កំពុងដំណើរការអាជីវកម្ម និងក្រុមហ៊ុនចំនួន ៣ទៀត កំពុងរៀបចំការដ្ឋានអាជីវកម្ម។
បើតាមលោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ក្រុមហ៊ុនទាំង៦នេះ កំពុងតែចម្រាញ់រ៉ែមាស ទៅតាមផែនការ ដែលឯកភាពជាមួយនឹងក្រសួងរ៉ែ និងថាមពល ហើយអនុលោមទៅតាមច្បាប់ និងបទបញ្ញាត្ដិជាធរមាននានា ដោយមិនមានជាបញ្ហាអ្វីនោះទេ។ ក្នុងចំណោមក្រុមហ៊ុនទាំង ៦នេះ គឺក្រុមហ៊ុន Renaissance Minerals នៅខេត្តមណ្ឌលគិរី ទទួលបានទិន្នផលខ្ពស់ជាងគេ ខណៈ ៥ក្រុមហ៊ុនទៀត ទទួលបានផលតិចតួចប៉ុណ្ណោះ។

សូមបញ្ជាក់ថា ក្រុមហ៊ុនចំនួន៦ ដែលកំពុងតែចម្រាញ់រ៉ែមាស នៅក្នុងប្រទេសកម្ពុជា រួមមាន ទី១.ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី, ទី២.ក្រុមហ៊ុន Xinshan ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ, ទី៣.ក្រុមហ៊ុន ឌែលខម (Delcom Cambodia) ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ, ទី៤.ក្រុមហ៊ុន Rong Cheng ស្ថិតនៅតំបន់ចុងផ្លាស់ ខេត្ដមណ្ឌលគិរី, ទី៥.ក្រុមហ៊ុន Xing Yuan ស្ថិតនៅតំបន់អូរត្រូន ខេត្តក្រចេះ និងទី៦.ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD ស្ថិតតំបន់ភ្នំជី ខេត្តកំពង់ធំ៕