Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា-ចិន ប្តេជ្ញាបន្តបង្កើនសមិទ្ធផលជាក់ស្តែងលើ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ”

Admin Alynana | Nov 24, 2023
កម្ពុជា-ចិន ប្តេជ្ញាបន្តបង្កើនសមិទ្ធផលជាក់ស្តែងលើ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ”
Clinic narith

កម្ពុជា-ចិន បានប្តេជ្ញាបន្តបង្កើននូវសមិទ្ធផលផ្លែផ្កាជាក់ស្តែងលើ “ច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” ក្រោមកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជា ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី ២៣ ខែវិច្ឆិកា បានអនុញ្ញាតឲ្យគណៈប្រតិភូ សភាប្រឹក្សានយោបាយប្រជាជនចិន ដឹកនាំដោយលោកស្រី ស៊ិន យៀកយៀក អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន ៧មករា រាជធានីភ្នំពេញ។នៅក្នុងជំនួបនេះ លោកស្រី ស៊ិន យៀកយៀក បាន​នាំយកការសួរសុខទុក្ខពីលោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងលោក វ៉ាង ហួយនឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ជូនចំពោះសម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការដឹកនាំប្រទេសកម្ពុជា ប្រកបដោយសន្តិភាព នាំមកនូវស្ថិរភាព និងវិបុលភាព ជូនប្រជាជន។

លោកស្រីបញ្ជាក់ថា ទស្សនកិច្ចលើកនេះ គឺដើម្បីជំរុញបន្ថែមទៀតនូវការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែង នៅក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្ដង់ដារខ្ពស់ ក្នុងយុគសម័យថ្មី។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះសារលិខិតអបអរសាទរ របស់អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ជូនចំពោះគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសខួបលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ និងបានថ្លែងអំណរគុណ ចំពោះវិភាគទានដ៏ធំធេងរបស់មិត្តចិន ក្នុងដំណើរការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលជាចំណែកយ៉ាងសំខាន់ ក្នុងការចូលរួមពង្រឹងឯករាជ្យភាពកម្ពុជា។

នៅក្នុងជំនួបដដែលនេះ ភាគី ចិនបញ្ជាក់អំពីការបន្តគាំទ្រការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីធានានូវកំណើនសេដ្ឋកិច្ច និងនាំមកនូវផ្លែផ្កា សម្រាប់ប្រទេសជាតិ និងប្រជាជន។

ក្នុងបរិបទដែលនយោបាយអន្តរជាតិ កំពុងមានការវិវត្តន៍យ៉ាងស្មុគស្មាញ ភាគីទាំងពីរ បានប្តេជ្ញាចិត្តបន្តគាំទ្រគ្នាទៅវិញទៅមក ដើម្បីរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងពង្រឹងនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឲ្យកាន់ស៊ីជម្រៅថែមទៀត។ ក្នុងនាមជាមិត្តដែកថែប ភាគីទាំងពីរ បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងសហគមន៍ជោគវាសនារួម ស្របតាមមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសរៀងៗខ្លួន។

ភាគីទាំងពីរ ក៏បានប្តេជ្ញាបន្តបង្កើននូវសមិទ្ធផលផ្លែផ្កាជាក់ស្តែងលើ “ច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” ក្រោមកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលថ្នាក់ដឹកនាំនៃប្រទេស​ទាំងពីរបានឯកភាពគ្នា៕001-9