(ភ្នំពេញ)៖ ដំណើរ នៃការឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ប្រទេសកម្ពុជានៅតែមានសក្តានុពល និងកាលានុវត្តភាពជាច្រើន ទាំងខាងក្រៅ និងក្នុងប្រទេស សម្រាប់ពន្លឿនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅពិធីបិទសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ ២០២៣ ក្រោមប្រធានបទ «ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀតថា ការកំណត់មាគ៌ា សម្រាប់វិបុលភាព ប្រកបដោយភាពធន់, និរន្តរភាព និងបរិយាបន្ន» នៅថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ ២០២៣ នេះថា ដំណើរការកសាងជាតិរបស់កម្ពុជា បានឈានដល់ដំណាក់កាលថ្មីមួយនៅក្នុងបរិការណ៍ នៃពិភពលោក ដែលកាន់តែប្រែប្រួល, លំបាក និងមិនប្រាកដប្រជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា ស្របពេលដែលបង្គោលចរឆ្នាំ ២០៣០ កាន់តែខិតជិតមកដល់ ពោលគឺនៅសល់ប្រមាណ ៧ឆ្នាំទៀតប៉ុណ្ណោះ ទស្សនអនាគត នៃកំណើនរបស់កម្ពុជាត្រូវបានបន្តហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ពីកត្តាធំៗខាងក្រៅជាច្រើនផងដែរ។
ឯកឧត្តម បញ្ជាក់ថា ទោះជាយ៉ាងណា កម្ពុជានៅតែមានសក្តានុពល និងកាលានុវត្តភាពជាច្រើន ទាំងខាងក្រៅ និងក្នុងប្រទេស សម្រាប់ពន្លឿនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ក្នុងនោះដំណើររបស់កម្ពុជាមានការផ្លាស់ប្តូរកាន់តែលឿននៃច្រវាក់ផលិតកម្មពីតំបន់ និងប្រទេសផ្សេងៗមកកាន់អាស៊ាន។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងក្នុងក្របខណ្ឌតំបន់ និង ទ្វេភាគី, ផលលាភសន្តិភាព តាមរយៈការបន្តរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ។ ការអភិវឌ្ឍ និងការពង្រឹង បានល្អនូវតួនាទី និងស្ថិរភាពនៃវិស័យហិរញ្ញវត្ថុ, ការអភិវឌ្ឍ និងការពង្រឹងសមត្ថភាព នៃឧស្សាហកម្មគាំទ្រក្នុងស្រុក នៅក្នុង ការបង្កើនតម្លៃបន្ថែម និងការលើកកម្ពស់ភាពប្រកួតប្រជែង នៃវិស័យឧស្សាហកម្ម។ ការចាប់យកប្រយោជន៍ពីផលលាភ ប្រជាសាស្ត្រ វិស័យឌីជីថល និងវិស័យថ្មីៗដែលមានសក្តានុពល និងការជំរុញកិច្ចការកែទម្រង់ជារចនាសម្ព័ន្ធ និងការរៀបចំ យន្តការអនុវត្ត ឱ្យបានច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ដល់ការជំរុញ កំណើនសេដ្ឋកិច្ចក្នុងស្រុក ឱ្យមានសន្ទុះកាន់តែខ្លាំងក្លា៕