(ភ្នំពេញ)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានអបអរសាទរលោក ហេង សួរ សម្រាប់ការតែងតាំងជារដ្ឋមន្ត្រីនៅក្នុងអាណត្តិថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា និងបានកោតសរសើរប្រទេសកម្ពុជា សម្រាប់ការចូលរួមចំណែកក្នុងការអនុវត្តកម្មវិធីការងាររបស់រដ្ឋមន្ត្រីការងារអាស៊ាន ឆ្នាំ២០២១-២០២៥។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈរកវិធីដើម្បីពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ ដែលរួមមាន៖ ការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍នៅក្នុងតំបន់។
នៅថ្ងៃដដែលនេះ លោកបណ្ឌិត កៅ គឹមហួន បានបន្តជួបពិភាក្សាការងារជាមួយលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានអបអរសាទរលោក កែវ រតនៈ សម្រាប់ការតែងតាំងជារដ្ឋមន្ត្រីនៅក្នុងអាណត្តិថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានអបអរប្រទេសកម្ពុជា ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីរ៉ែអាស៊ានលើកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធ ប្រកបដោយជោគជ័យ។
ភាគីទាំងពីរក៏បានពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអាស៊ាន ក្នុងវិស័យរ៉ែ និងថាមពលផងដែរ៕