Alynana Media Cambodia
Icon Collap
clinic narit

ស្ថានទូតអាហ្វហ្កានីស្ថានប្រចាំប្រទេសឥណ្ឌា បានប្រកាសបិទទ្វារជាអចិន្រ្តៃយ៍

Media LNN | Nov 24, 2023
ស្ថានទូតអាហ្វហ្កានីស្ថានប្រចាំប្រទេសឥណ្ឌា បានប្រកាសបិទទ្វារជាអចិន្រ្តៃយ៍
Clinic narith

(ញូវដែលី)៖ ស្ថានទូតអាហ្វហ្កានីស្ថានប្រចាំប្រទេសឥណ្ឌា នៅថ្ងៃសុក្រនេះ បានប្រកាសពីការសម្រេចចិត្តបិទទ្វារជាអចិន្រ្តៃយ៍តែម្តង ពោលគឺរយៈពេលជាង២ឆ្នាំ បន្ទាប់ពីក្រុមតាលីបង់ បានត្រឡប់មកកាន់អំណាចឡើងវិញនៅទីក្រុងកាប៊ុល ក្រោយការដួលរលំនៃរដ្ឋាភិបាល ដែលគាំទ្រដោយ​ពួកលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រទេសជាច្រើនរួមទាំងឥណ្ឌា គឺមិនទទួលស្គាល់តាលីបង់ជារដ្ឋាភិបាលផ្លូវការ របស់ប្រទេសអាហ្វហ្កានីស្ថានទេ ប៉ុន្តែទទួលស្គាល់ថា ពួកគេគឺជាអាជ្ញាធរដែលកំពុងកាន់អំណាច នៅទីនោះ។ ប្រការនេះបានធ្វើឱ្យស្ថានទូតនិងស្ថានកុងស៊ុលអាហ្វហ្កានីស្ថានជាច្រើន ស្ថិត​ក្នុងស្ថានភាពមិនច្បាស់លាស់ ដោយក្រុមមន្រ្តីទូតដែលត្រូវបានតែងតាំង ដោយរដ្ឋាភិបាលមុន មិនព្រមប្រគល់ការគ្រប់គ្រងស្ថានទូតឱ្យ​ទៅ ក្រុមអ្នកតំណាងថ្មីដែលត្រូវបានជ្រើសរើសដោយអាជ្ញាធរតាលីបង់។

ក្នុងលិខិតមួយបង្ហោះនៅលើបណ្តាញសង្គម X ស្ថានទូតអាហ្វហ្កានីស្ថានប្រចាំប្រទេសឥណ្ឌា បានប្រកាសយ៉ាងដូច្នេះថា «ស្ថានទូតរបស់​សាធារណរដ្ឋអ៉ីស្លាមអាហ្វហ្កានីស្ថាន នៅទីក្រុងញូវដែលី សោកស្តាយក្នុងការត្រូវធ្វើសេចក្តីប្រកាស អំពីការសម្រេចចិត្តបិទទ្វារជាអចិន្រ្តៃយ៍ នៃបេសកកម្មការទូតរបស់ខ្លួននៅទីនេះ»។ ការប្រកាសថ្ងៃសុក្រនេះធ្វើឡើង ក្រោយសេចក្តីថ្លែងការណ៍កាលពីខែមុន ដែលបានប្រកាសថា ស្ថានទូតបានសម្រេចផ្អាកប្រតិបត្តិការ។

អាជ្ញាធរតាលីបង់ មានការគ្រប់គ្រងពេញលេញលើស្ថានទូតអាហ្វហ្កានីស្ថាន ប្រហែលជាង១០នៅឯក្រៅប្រទេស រួមមានទាំងនៅប៉ាគីស្ថាន ចិន តួកគី និងអ៉ីរ៉ង់។ រីឯស្ថានទូតនៅប្រទេសដទៃទៀត គឺធ្វើប្រតិបត្តិការក្នុងប្រព័ន្ធបែបកូនកាត់ ដោយអវត្តមានឯកអគ្គរដ្ឋទូតពិតមែន ប៉ុន្តែបុគ្គលិកស្ថានទូតនៅបន្តធ្វើការងារទូទៅជាប្រចាំ ដូចជាការចេញទិដ្ឋាការនិងឯកសារផ្សេងទៀតជាដើម។

គួរបញ្ជាក់ថា ទីក្រុងញូវដែលីបានជម្លៀសបេសកកម្មការទូតរបស់ខ្លួនទាំងស្រុង ចេញពីទីក្រុងកាប៊ុល នៅពេលដែលក្រុមតាលីបង់ វាយលុក​ជិតដល់រដ្ឋធានីអាហ្វហ្កានីស្ថាន កាលពីខែសីហា ឆ្នាំ២០២១ ប៉ុន្តែកាលពីឆ្នាំមុននេះ បានបញ្ជូនក្រុមតូចមួយដើម្បីបើកស្ថានទូតខ្លួនវិញ។ ប្រទេសជាច្រើនទៀត ក៏បានដកបុគ្គលិកទូតស្រដៀងគ្នាដែរ នាពេលនោះ ហើយមិនទាន់បានត្រឡប់ទៅវិញនៅឡើយ ខណៈស្ថានទូត​មួយចំនួនតូច រួមមានទាំងប៉ាគីស្ថាន ចិន និងរុស្ស៉ី គឺមិនដែលបិទទ្វារទេ ហើយនៅតែមានឯកអគ្គរដ្ឋទូត នៅទីក្រុងកាប៊ុលដដែល៕