(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរចេញចូលជាមធ្យម ៤១០០នាក់ក្នុងមួយថ្ងៃ ខណៈនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រុមហ៊ុនអាកាសចរណ៍ Thai Airway បានចាប់ផ្តើមភ្ជាប់ការហោះហើររវាងទីក្រុងបាងកក និងសៀមរាបជាលើកដំបូង។ នេះបើតាមការឱ្យដឹងពីលោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ។
លោកបានឱ្យថា គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អ្នកដំណើរតាមផ្លូវអាកាស ដែលធ្វើដំណើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាមធ្យមចំនួន៤១០០នាក់ក្នុងមួយថ្ងៃ ស្របពេលជើងហោះហើរបានកើនឡើងដល់ ៤២ជើងក្នុងមួយថ្ងៃ (ទ្វេទិស)។ ភាគច្រើនហោះហើរ គឺពីតំបន់អាស៊ាន និងចិន ដោយមាន ៥៦សញ្ជាតិ ចូលមកកម្ពុជា។
ជនជាតិដែលធ្វើដំណើរមកសៀមរាប នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរច្រើនជាងគេ ឈរនៅលំដាប់លេខទី១ គឺសហរដ្ឋអាមេរិក បន្ទាប់មក គឺកូរ៉េ ហើយតាមពីក្រោយដោយឥណ្ឌា ចិន និងបារាំង។
លោកបានឱ្យដឹងផងដែរថា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ គឺជាលើកដំបូងដែលក្រុមហ៊ុនអាកាសចរណ៍ Thai Airway បានតភ្ជាប់ការហោះហើរពីបាងកក មកកាន់ខេត្តសៀមរាប ដោយបានដឹកភ្ញៀវចំនួន ១៥៧នាក់។
លោកបន្តថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airway នឹងបន្តហោះហើរជារៀងរាល់ថ្ងៃក្នុងមួយថ្ងៃមួយជើង។
លោក ស៉ីន ចាន់សិរីវុត្ថា បានឱ្យដឹងទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៩ ធ្វើការហោះហើរចេញ-ចូល អាកាសយានដ្ឋានសៀមរាបអង្គរ ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន៨ និងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន ១៕