(ភ្នំពេញ)៖ ក្នុងរយៈពេល១១ខែឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេសក្នុងបរិមាណសរុប ៧ ១៣៤ ១៩០,១២តោន គិតជាទឹកប្រាក់មានចំនួន ៣ ៩០៩ ៨៦៧ ៤១៩,៨៧ ដុល្លារអាម៉េរិក ថយចុះ ៤,៦០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បើតាមរបាយការណ៍បញ្ជាក់ថា នៅក្នុងរយៈពេល១១ខែឆ្នាំ២០២៣នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ៧ ៣១៤ ១៩០,១២តោន (អង្ករចំនួន ៥៩៥ ៦៣០,០០តោន ស្រូវចំនួន ២ ៤៩៧ ០៧៥,០០តោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួន ៤ ២២១ ៤៨៥,១២តោន) ទៅកាន់ទិសដៅ ៧៥ប្រទេស ដោយមានការថយចុះចំនួន -៤,៦០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
ក្នុងរយៈពេល១១ខែឆ្នាំ២០២៣ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផល(ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ៣ ៩០៩ ៨៦៧ ៤១៩,៨៧ដុល្លារអាមេរិក ដែលក្នុងនោះតម្លៃពីការនាំចេញអង្ករមានចំនួន ៥១៥ ២១៩ ៩៥០ដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានចំនួន ៨៤០ ២៨៥ ១២៤ដុល្លារអាមេរិក និងតម្លៃការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៥៥៤ ៣៦២ ៣៤៥,៨៧ដុល្លារអាម៉េរិក។
ការនាំចេញកសិផលក្នុងរយៈពេល១១ខែឆ្នាំ២០២៣នេះ នៅតែបន្តថយចុះចំនួន (-៤,៦០%) បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដោយសារ៖ ជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ មានឥទ្ធិពលយ៉ាងធំធេងលើលំហូរពាណិជ្ជកម្មសកលដែលបានចុះខ្សោយរួចទៅហើយនោះ រួមទាំងអត្រាការប្រាក់ខ្ពស់ ទីផ្សារអចលនទ្រព្យចិនដែលតានតឹងនិងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន បានជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចពិភពលោក ជាពិសេសបណ្តាប្រទេសដែលពឹងផ្អែកជាចម្បងលើការនាំចេញដូចជាប្រទេសកម្ពុជាជាដើម។ ការកត់ត្រាទិន្នន័យនាំចេញមិនបានគ្រប់ជ្រុងជ្រោយដែលបណ្តាលមកពីការដោះដូរពាណិជ្ជកម្មតាមច្រករបៀងដោយមិនប្រើវិញ្ញាបនបត្រភូតគាមអនាម័យ។ ទីផ្សារស្រូវក្នុងប្រទេសកម្ពុជានៅតែមានតម្លៃខ្ពស់ ជាហេតុនាំឱ្យរោងម៉ាស៊ីនកិនស្រូវមួយចំនួនធំប្រមូលទិញស្រូវបានបរិមាណតិច ដោយសារតម្លៃថ្លៃមិនហ៊ានប្រថុយក្នុងការទិញស្រូវស្តុកទុកសម្រាប់កិនអង្ករនាំចេញ។ ប៉ុន្តែយើងសង្កេតឃើញថា ការនាំចេញស្រូវដោយមិនមានវិញ្ញាបនបត្រភូតគាមអនាម័យទៅប្រទេសវៀតណាមនៅតែមានជាហូរហែ។
បើតាមរបាយការណ៍ ថ្វីត្បិត ការនាំចេញកសិផលក្នុងរយៈពេល១១ខែឆ្នាំ២០២៣នេះនៅមានបរិមាណតិចជាងរយៈពេល១១ខឆ្នាំ២០២២ ប៉ុន្តែការនាំចេញមាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង ការនាំចេញក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ មានបរិមាណ ១ ០៣៧ ៥៥២,៣៨ តោន កើនឡើងចំនួន ៣៤៦ ២៤១,០៣តោន បើធៀបនឹងខែតុលា ឆ្នាំ២០២៣ដែលមានបរិមាណ ៦៩១ ៣១១,៣៥តោន៕