ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយ លោកជំទាវ Teo Ly Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី។
នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយ លោកជំទាវ Teo Ly Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ និងបានគូសបញ្ជាក់ពីការពង្រឹងនិងកសាងទំនុកចិត្តរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសក្នុងវិស័យកសិកម្ម។
បើតាមឯកឧត្តមរដ្ឋមន្ត្រី កម្ពុជាមានសក្តានុពលលើវិស័យកសិកម្ម និងមានលទ្ធភាពផ្គត់ផ្គង់ផលិតផលកសិកម្មជាច្រើន ជាពិសេសគឺអង្ករដែលមានគុណភាពខ្ពស់ ដើម្បីធានាសន្តិសុខស្បៀងដល់សិង្ហបុរី។ សម្រាប់ឯកឧត្តមរដ្ឋមន្ដ្រី ការធានាសន្តិសុខស្បៀងដល់ប្រទេសសិង្ហបុរី គឺជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសិង្ហបុរី មិនមែនធ្វើឡើងដើម្បីផលចំណេញផ្នែកសេដ្ឋកិច្ចឡើយ។
ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ប្រាប់លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរីផងដែរ អំពីកម្មវិធីគោលនយោបាយកសិកម្មដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលនឹងជំរុញការបង្កើតសហគមន៍កសិកម្មទំនើប ដែលមានទុន និងធនធានមនុស្ស ដែលមានសមត្ថភាពផលិតក្នុងទ្រង់ទ្រាយធំ ស្របតាមស្តង់ដា និងតម្រូវការទីផ្សារ។ ទន្ទឹមនឹងនេះដែរ ក្រសួងកំពុងជ្រើសរើសនិងឈានទៅដាក់ពង្រាយមន្ត្រីកសិកម្មតាមភូមិឃុំ ដើម្បីជួយដោះស្រាយបញ្ហាបច្ចេកទេស ទុន ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗរបស់កសិករ និងសហគមន៍កសិកម្មនៅទូទាំងប្រទេស៕