Alynana Media Cambodia
Icon Collap
clinic narit

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់រថយន្តក្រុង១០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋ ដែលរស់នៅរុនតាឯក ទៅក្រុងសៀមរាប មិនគិតថ្លៃ

Media LNN | Dec 08, 2023
សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់រថយន្តក្រុង១០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋ ដែលរស់នៅរុនតាឯក ទៅក្រុងសៀមរាប មិនគិតថ្លៃ
Clinic narith

(សៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ បាន​សម្រេចផ្តល់រថយន្តក្រុងចំនួន១០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋ ដែលរស់នៅរុនតាឯក ទៅក្រុងសៀមរាប ដោយមិនគិតថ្លៃ។

ការសម្រេចបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះ​សំណាល ជាមួយប្រជាពលរដ្ឋ រស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង សរុបជិត៣ពាន់នាក់ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារទីតាំងកន្លែងនេះឆ្ងាយ ហើយបង្កការលំបាកខ្លះ ក្នុងធ្វើដំណើរដល់បងប្អូន ដែលត្រូវទៅក្រុង ខ្ញុំសូមឲ្យខេត្ដ រៀបចំឡានក្រុង១០គ្រឿង សម្រាប់ជួយដឹកគាត់ ពេលព្រឹកហើយពេលល្ងាច ទៅហើយនិងមក ទៅខេត្ដសៀមរាប ដោយមិនគិតថ្លៃ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងពិនិត្យលទ្ធភាពដោះស្រាយជាបន្ដបន្ទាប់ទៀត ដើម្បីឲ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នេះ កាន់តែមានភាពងាយស្រួល។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យគ្រប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ​នៅរុនតាឯក និងពាក់ស្នែង ត្រូវបន្ដធ្វើកែពីផ្លូវដីទៅជាផ្លូវបេតុង ហើយកន្លែងណាផ្លូវកៅស៊ូ ត្រូវចាប់ផ្ដើមរុញធ្វើ ដើម្បីឲ្យក្នុងពេលឆាប់ៗនេះ រាល់ផ្លូវនៅរុនតាឯក និងពាក់ស្នែង ក្លាយជាផ្លូវបេតុង និងផ្លូវកៅស៊ូទាំងអស់។

សូមបញ្ជាក់ថា ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ស្ថិតនៅក្នុងឃុំ ពាក់​ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ជាភូមិឋានថ្មីដែលរាជរដ្ឋាភិបាលបង្កើតឡើង សម្រាប់ប្រជាពលរដ្ឋ ​ដែល​​ផ្លាស់ចេញពីតំបន់រមណីយដ្ឋានអង្គរ។

ការរៀបចំផ្លាស់ទីប្រជាពលរដ្ឋ ចេញពីដីរមណីយដ្ឋានអង្គរ គឺជាកិច្ចការដ៏ចាំបាច់បំផុត ក្នុងការបំពេញតាមលក្ខខណ្ឌអង្គការយូណេស្កូ ជាពិសេសការពារតម្លៃជា​សកលនៃរមណីយដ្ឋានអង្គរ បន្តស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕