វិបត្តិសកល ដែលកំពុងបន្តកើតមាននាពេលនេះ បានទាញទម្លាក់បរិមាណនាំចេញកសិផលមួយចំនួនរបស់កម្ពុជា រួមទាំងម្រេចទៅកាន់ទីផ្សារអន្តរជាតិ។ ជាក់ស្តែងនៅ១១ខែឆ្នាំនេះ ការនាំចេញម្រេចរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រចបានជិត៦ពាន់តោន ធ្លាក់ចុះជាង៣០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានអះអាងថា ការធ្លាក់ចុះបរិមាណនាំចេញម្រេចនេះ គឺដោយសារកសិករមួយចំនួនធំកាត់បន្ថយបរិមាណលក់ម្រេច ដោយសារតម្លៃទាបពេក ដោយស្តុកទុករង់ចាំលក់នៅពេលមានតម្លៃល្អ។
លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានបញ្ជាក់ថា ស្ថានភាពនៃការនាំចេញម្រេចកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិនៅឆ្នាំនេះ ហាក់មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ បើធៀបនឹងឆ្នាំមុន។ តួយ៉ាងបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៅ១១ខែឆ្នាំនេះ ការនាំចេញម្រេចរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជិត៦ពាន់តោន ធ្លាក់ចុះជាង៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះនេះ គឺបន្ទាប់ពីកសិករជាច្រើនបានកាត់បន្ថយការបញ្ចេញម្រេចលក់ឱ្យឈ្មួញដោយសារតម្លៃម្រេចឆ្នាំនេះទាបពេក ដោយពួកគេស្តុកទុករង់ចាំតម្លៃឡើងថ្លៃ។
យ៉ាងណាមិញប្រធានសហព័ន្ធរូបនេះវាយតម្លៃថា តម្លៃម្រេចនៅឆ្នាំ២០២៤ អាចនឹងមានភាពល្អប្រសើរជាងឆ្នាំនេះ ក្រោយរំពឹងស្តុកម្រេចនៅលើទីផ្សារអន្តរជាតិថយចុះ គួបផ្សំតម្រូវការប្រើប្រាស់របស់ពលរដ្ឋមានការកើនឡើង ហើយទិន្នផលម្រេចអាចធ្លាក់ចុះចន្លោះពី២០%ទៅ៣០%។ បច្ចុប្បន្នតម្លៃម្រេចធម្មតាអាចលក់បានក្នុងរង្វង់១ម៉ឺន២ពាន់ ទៅ១ម៉ឺន៣ពាន់រៀល ក្នុង១គីឡូក្រាម។
បើតាមលោក ម៉ាក់ នី បញ្ហាប្រឈមរបស់កសិករដាំម្រេចនៅឆ្នាំនេះនៅតែបន្តកើតមាន ដោយកសិករមួយចំនួនបានបោះបង់ការដាំដុះ ដោយសារតែកត្តាអាកាសធាតុ តម្លៃជីថ្នាំកសិកម្ម និងកម្លាំងពលកម្មមានការកើនឡើងខ្ពស់។ តែយ៉ាងណាលោកអះអាងថា ស្របពេលកសិករមួយចំនួនបោះបង់ការដាំដុះ ក៏មានកសិករមួយចំនួនបានបង្កើនការដាំដុះរបស់ខ្លួនផងដែរ បន្ទាប់ពីពួកគេមើលពីឱកាសក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ពិសេសប្រទេសចិននាពេលខាងមុខ។ ប៉ុន្តែមកទល់ពេលនេះ ម្រេចកម្ពុជានៅមិនទាន់អាចនាំចេញទៅទីផ្សារចិនបាននៅឡើយទេ ដោយសារការបញ្ជីចម្ការម្រេចជាមួយក្រសួងកសិកម្មនៅមានកម្រិតតិចតួចនៅឡើយ៕