Alynana Media Cambodia
Icon Collap
clinic narit

មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​ (​ស៊ីម៉ាក់​) ទទួលបានជំនួយ៤០ម៉ឺនដុល្លារ ដើម្បី​អនុវត្ត​គម្រោង​កណ្ដុរ​ហិតរ​កមី​ន នៅ​កម្ពុជា

Media LNN | Dec 15, 2023
មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​ (​ស៊ីម៉ាក់​) ទទួលបានជំនួយ៤០ម៉ឺនដុល្លារ ដើម្បី​អនុវត្ត​គម្រោង​កណ្ដុរ​ហិតរ​កមី​ន នៅ​កម្ពុជា
Clinic narith

មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (​ស៊ីម៉ាក់​)​ បន្តអនុវត្តគម្រោង​សមាហរណកម្ម​កណ្តុ​រហិត​រក​មីន ​និង​សុនខ​ស្រាវជ្រាវ​បច្ចេកទេស ក្រោមកញ្ចប់ជំនួយជិត៤០ម៉ឺនដុល្លារពីរដ្ឋាភិបាលប្រទេសបែលហ្ស៊ិក តាមរយៈ​អង្គការដៃគូAPOPO។ ការអនុវត្តគម្រោងនេះ ត្រូវបានចុះហត្ថលេខាដោយលោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ និង​លោក Michael Raine ប្រធាន​អង្គការ​ APOPO ​ប្រចាំ​កម្ពុជា​ នាថ្ងៃទី១៣ធ្នូ។​

គម្រោងនេះ នឹងចាប់ផ្តើមអនុវត្តពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងខេត្តសៀមរាប ព្រះវិហារ និងមណ្ឌលគីរី។ នេះជាការលើកឡើងរបស់លោក ហេង រតនា ដោយបានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ស៊ីម៉ាក់យ៉ាងដូច្នេះ៖  «យើងមានផែនការបោសសម្អាតផ្ទៃដីចំនួន ៩៨លានម៉ែត្រក្រឡានៅក្នុងខេត្តទាំង៣នេះ»។

បើតាមលោក ហេង រតនា ស៊ីម៉ាក់ បាន​​ស្នើសុំកិច្ចសហការ ពី​រដ្ឋាភិបាល​បែលហ្ស៊ិកផ្ទាល់ ​ដើម្បី​គាំទ្រ​ដល់សកម្មភាព​បោសសម្អាត​មីន​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​ ២០២១​ ដល់ ២០២៦ ដោយ​​សន្យា​ផ្តល់ឱ្យកម្ពុជា ប្រមាណ៥០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ ការ​ចូលរួម​កិច្ចសហប្រតិបត្តិការ​ និងជំនួយនេះ ​ត្រូវបានផ្តល់ឱ្យកម្ពុជាតាមរយៈ​អង្គការ​ APOPO។ 

លោក​ ហេង រតនា បាន​បន្ថែមថា គិតមកទល់បច្ចុប្បន្ន ភាពជាដៃគូរវាង​ស៊ីម៉ាក់​និង​អង្គការ​ APOPO បានរយៈពេលជិត​១០ ​ឆ្នាំ​មកហើយ ​លើគម្រោងក​ណ្តុ​រហិត​មីន​នេះ។ ​ក្នុង​រយៈពេល​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ ស៊ីម៉ាក់​បាន​បោសសម្អាត​ផ្ទៃដី​មានមីនបាន​​ជាង​ ៣ ០០០ ​ហិកតា និង​កម្ទេចចោល​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​បាន​​ប្រមាណ​ ៥១ ០០០គ្រាប់។  

​អគ្គនាយកស៊ីម៉ាក់រូបនេះ​បន្តរៀបរាប់ថា៖  «​​កិច្ច​សហប្រតិបត្តិការ​ជាមួយ​APOPO ​នេះ ​យើង​មិនមែន​ធ្វើ​តែ​លើ​ការ​បោសសម្អាត​មីន​នៅ​កម្ពុ​ជាមួយ​មុខ​ទេ តែយើង​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ដៃគូ​ដទៃទៀត ដូចជា​ការបញ្ជូន​សុនខ​របស់​យើង​ទៅ​ប្រទេស​តួ​ក​គី ទៅ​បណ្តា​ប្រទេស​នៅ​អាហ្រ្វិ​កណ្តាល ​ដោយ​យើង​បាន​សហការគ្នា​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់នោះ​បញ្ជូន​ជំនាញ​ដើម្បី​ជួយ​គាំទ្រ​ដល់​បណ្តា​ប្រទេស​ទាំងអស់នោះ​ ផងដែរ​»​។​ លើសពីនេះ  ក៏មាន​អ្នកដោះមីន​មួយចំនួន​ បាន​ហ្វឹកហ្វឺន​នៅ​កម្ពុជា​តាមរយៈ​អង្គការ​ APOPO នេះដែរ។ ក្នុងនោះ​ មានអ្នកដោះមីនមកពីប្រទេស​អ៊ុយ​ក្រែ​ន ប្រទេស​ហ្ស​ក​ដង់ និង​ប្រទេស​សេ​ណេ​​ហ្គា​ល់ ​ដែល​បាននិងកំពុង​ហ្វឹកហ្វឺន​នៅ​វិទ្យាស្ថាន​បច្ចេកទេស​កំចាត់​មីន​ខេត្តកំពង់ឆ្នាំង​។ នេះ​បើតាម​​លោក ហេង រតនា​៕