(តូក្យូ, ជប៉ុន)៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងបំពេញការងារនៅក្នុងប្រទេសជប៉ុនជាច្រើននាក់បានស្កាត់មកទទួលស្វាគមន៍ដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ពេលសម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញដល់សណ្ឋាគារ «ញូវអូតានី តូក្យូ» នាទីក្រុងតូក្យូ ប្រទេសជប៉ុន។
ប្រជាពលរដ្ឋដែលបានស្កាត់ទៅរង់ចាំដំណើរសម្តេចធិបតី និងលោកជំទាវ បានសម្តែងក្តីនឹករលឹក និងសប្បាយចិត្តជាពន់ពេក ដែលបានទទួលស្វាគមន៍សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដោយផ្ទាល់។
ក្នុងជំនួបស្វាគមន៍ប្រកបដោយក្តីគោរពស្រឡាញ់នោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអនុញ្ញាតឱ្យប្រជាពលរដ្ឋបានថតរូបជាអនុស្សាវរីយ៍ និងសួរសុខទុក្ខប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត។
សូមបញ្ជាក់ថា នៅវេលារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នឹងអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសជប៉ុនផងដែរ៕