Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជានាំចេញម្រេចកំពតទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង១០០តោន

Media LNN | Dec 16, 2023
កម្ពុជានាំចេញម្រេចកំពតទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង១០០តោន
Clinic narith

បើទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ ដែលបង្កឡើងដោយបញ្ហាការកើនឡើងអតិផរណា បញ្ហាសង្រ្គាម និងភាពតាមភូមិសាស្ត្រនយោបាយក្តី តែបញ្ហានេះមិនបានរាំងស្ទះដល់ការនាំចេញម្រេចកំពតកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនោះទេ។ ជាក់ស្តែងនៅជិតពេញមួយឆ្នាំ២០២៣នេះ ការនាំចេញម្រេចកំពតទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង១០០តោន កើនឡើងប្រមាណ២០% បើធៀបនឹងឆ្នាំមុន។

លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត បានគូសបញ្ជាក់ថា ស្ថានភាពនៃការនាំចេញ ម្រេចកំពត ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងឆ្នាំ២០២៣នេះ ហាក់មិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ពោលគឺនៅតែមានស្ថានភាពល្អប្រសើរជាធម្មតា បើទោះបីជាបច្ចុប្បន្នសេដ្ឋកិច្ចពិភពលោកជួបវិបត្តិធ្លាក់ចុះ ហើយបញ្ហាសង្គ្រាមនៅបន្តកើតមានក្តី។ ជាក់ស្តែងនៅជិតពេញមួយឆ្នាំ២០២៣នេះ ការនាំចេញម្រេចកំពតសម្រេចបានជាង១០០តោន កើនឡើងប្រមាណ២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើននៃការនាំចេញនេះត្រូវបានថ្នាក់ដឹកនាំសមាគមរូបនេះអះអាងថា គឺដោយសារឆ្នាំនេះម្រេចផ្តល់ទិន្នផលកើនឡើង ដោយសារមានភ្លៀងធ្លាក់គ្រប់គ្រាន់ គួរផ្សំកសិករមានការថែទាំ និងដាក់ជីគ្រប់គ្រាន់។

យ៉ាងណាក៏ដោយ ប្រធានសមាគមរូបនេះវាយតម្លៃថា ការដាំដុះម្រេចនៅឆ្នាំក្រោយទំនងជាមិនសូវទទួលបានលទ្ធផលល្អដូចឆ្នាំនេះនោះទេ ដោយសារមានភ្ញៀវធ្លាក់ច្រើននៅចុងឆ្នាំ បានធ្វើឱ្យម្រេចដែលចេញផ្កាប្រមាណ៩០% ត្រូវបានជ្រុះ ខណៈនៅចម្ការខ្លះដំណាំម្រេចមួយចំនួនក៏បានងាប់ទៅវិញផងដែរ។ តាមរយៈបញ្ហាទាំងនេះ លោក ងួន ឡាយ អះអាងថា ទិន្នផលម្រេចកំពតនៅឆ្នាំ២០២៤ ខាងមុខ នឹងមានការធ្លាក់ចុះច្រើនជាងឆ្នាំនេះ ដែលនឹងធ្វើឱ្យការនាំចេញម្រេចកំពតទៅកាន់ទីផ្សារអន្តរជាតិនៅឆ្នាំក្រោយ អាចនឹងធ្លាក់ចុះ៤០% បើធៀបនឹងការនាំចេញឆ្នាំនេះ។

សូមជម្រាបថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ នេះ ផ្ទៃដីដាំដុះដំណាំម្រេចកំពតសរុបមានប្រមាណ២ម៉ឺន៤ពាន់ហិកតា ហើយម្រាប់ការដាំដុះម្រេចកំពតថ្មីបន្ថែមវិញ ក៏មិនសូវមានច្រើននោះដែរ។ ជាច្រើនឆ្នាំមកហើយ តម្លៃម្រេចកំពតដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ GI ពុំមានការប្រែប្រួលនោះទេ ក្នុងនោះម្រេចខ្មៅមានតម្លៃ១៥ដុល្លារ រីឯម្រេចក្រហមមានតម្លៃ២៥ដុល្លារ និងម្រេច ស មានតម្លៃ២៨ដុល្លារ ក្នុងមួយគីឡូក្រាម។ ហើយទីផ្សារសំខាន់ៗសម្រាប់ការនាំចេញម្រេចកំពតកម្ពុជា រួមមាន សហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក ជប៉ុន កូរ៉េខាងត្បូង ហុងកុង និងតៃវ៉ាន់ជាដើម៕