Alynana Media Cambodia
Icon Collap
clinic narit

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖«ការអភិវឌ្ឍធនធានមនុស្សចាំបាច់ត្រូវផ្អែកលើកត្តាចំណេះដឹង សមត្ថភាព និងសុខភាព»

Media LNN | Dec 19, 2023
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖«ការអភិវឌ្ឍធនធានមនុស្សចាំបាច់ត្រូវផ្អែកលើកត្តាចំណេះដឹង សមត្ថភាព និងសុខភាព»
Clinic narith

 

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក កាត្សឹណារី ម៉ាត្សឹដា (Katsunari Matsuda) នាយក​ក្រុមហ៊ុន Meiji Co., Ltd ចូលជួបស​ម្តែង​ការ​គួរសម​ក្នុង​ឱកាស​នៃ​ការ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​រំឭក​ខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅ​ទីក្រុងតូក្យូ ប្រទេសជប៉ុន ។

ក្នុងឱកាសនៃជំនួបនេះ លោក កាត្សឹណារី ម៉ាត្សឹដា បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែល​បាន​ឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម ព្រម​ទាំង​បានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន និងអំពី​គម្រោង​នៃ​ការវិនិយោគរបស់ខ្លួនទាំងលើភាពសម្បូរបែបនៃផលិតផល និងទាំង​លើ​បច្ចេក​វិទ្យា​ទំនើប ​នៅក្នុងប្រទេសកម្ពុជានាពេលខាងមុខ។ នៅក្នុងជំនួបនេះលោកអគ្គនាយក ក្រុមហ៊ុន Meiji ក៏បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​រាជរ​ដ្ឋាភិបាល​កម្ពុជា​ដែល​បាន​បង្ក​លក្ខណៈ​គ្រប់​បែប​យ៉ាង​ចំពោះដំ​ណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូន ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយលោក កាត្សឹណារី ម៉ាត្សឹដា  និង​សហការី ព្រមទាំងបានសម្តែងនូវការអរគុណ និងសេចក្តីសោមនស្សរីករាយចំពោះក្រុមហ៊ុន Meiji ដែល​បានបង្ហាញពីចំណាប់អារម្មណ៍ និងគ្រោងវិនិយោគនៅកម្ពុជានាពេលអនាគតខាងមុខ ដោយ សម្តេច បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិង​កំពុង​យក​ចិត្ត​ទុកដាក់​លើការ​អភិវឌ្ឍ​ធនធានមនុស្ស ដែលចាំបាច់ត្រូវផ្អែកលើកត្តាចំណេះដឹង សមត្ថភាព និងសុខភាព ដូច្នេះ​ការ​ផ្គត់ផ្គង់​ចំណីអាហារប្រកបដោយគុណភាព និងសុវត្ថិភាព ជាកត្តាអទិភាពចម្បង។

សម្តេច​នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្ម ដោយ​ធ្វើ​ការផលិតផ្ទាល់ ដើម្បីលក់នៅទីផ្សារកម្ពុជា និងនាំចេញទៅប្រទេសជិតខាង និង​ប្រទេស​ក្នុង​តំបន់ដែលកំពុងមានតម្រូវការខ្ពស់ចំពោះផលិតផលទាំងអស់នេះ ព្រម​ទាំង​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុម​ហ៊ុន​ជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាលើជំនាញកសិកម្ម ដើម្បី​ចូល​រួម​លើក​កម្ពស់​ផលិត​ភាព​ក្នុងវិស័យនេះឱ្យកាន់តែខ្លាំងក្លាថែមទៀត។

លើសពីនេះ សម្តេចមហាបវរធិបតី ក៏ធ្វើការគូសបញ្ជាក់ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាន និង​កំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និង​វិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និង​ក្រប​ខ័ណ្ឌ​គតិ​យុត្តថ្មី​ៗ ​ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និង​ភាព​ទាក់​ទាញ​ដល់​វិនិយោគិនដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា៕