(ពោធិ៍សាត់)៖ ស្របពេលដែលវិទ្យាស្ថានពហុបច្ចេកទេស ខេត្តពោធិ៍សាត់ មានកំណើនសិស្សកើនឡើងជារៀងរាល់ឆ្នាំ និងដើម្បីពង្រីកសមត្ថភាពបន្ថែមក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសជូនដល់ប្រជាពលរដ្ឋ និងយុវជនក្នុងខេត្តពោធិ៍សាត់ អោយកាន់តែមានប្រសិទ្ធភាព រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសម្រេចផ្តល់អគារសិក្សាថ្មីទំនើបកម្ពស់ ៥ជាន់ មានឈ្មោះថា ” អគារមរតកតេជោសែនឌិជីថល” ជូនដល់វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ដោយបច្ចុប្បន្នដំណើរការសាងសង់សម្រេចបាន ១៥ភាគរយហើយ ដោយគ្រោងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៥ ។ អគារមរតកតេជោសែនឌីជីថល ដែលកំពុងដំណើរការសាងសង់នេះ មានទំហំ៤៨ម៉ែត្រ គុណនិង៤៨ម៉ែត្រ កម្ពស់២៤.៥ម៉ែត្រស្មើរនិង៥ជាន់ ដោយមានបន្ទប់សរុបចំនួន៧៨បន្ទប់ ក្នុងនោះបន្ទប់សិក្សា២០បន្ទប់ -បន្ទប់ពិសោធន៍ធន់ធ្ងន់ ១១បន្ទប់ -បន្ទប់ពិសោធន៍ធន់ស្រាល១០បន្ទប់ -បន្ទប់កុំព្យូទ័រ៣បន្ទប់ -សាលសិក្សា២បន្ទប់ បន្ទប់សាស្ត្រាចារ្យ៧បន្ទប់ -បន្ទប់MOP៤បន្ទប់ -បន្ទប់MEP៤បន្ទប់ រួមនិងឃ្លាំងចំនួន៤បន្ទប់។
លោក តុប ប៉ារី នាយករងវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បានអោយដឹងដែរថា បច្ចុប្បន្ននៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ក្នុងមួយឆ្នាំអាចទទួលសិស្សបានចំនួនប្រមាណ ៥០០នាក់ តែនៅពេលអគារមរតកតេជោសែនឌិជីថល សាងសង់រួចរាល់វិទ្យាស្ថាននឹងអាចទទួលសិស្សបានប្រមាណ១៥០០នាក់ក្នុង១ឆ្នាំ ។ ហើយនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់មានបណ្តុះបណ្តាលមុខជំនាញ់ជាច្រើន មានគ្រប់កម្រិតចាប់ពី វីញ្ញាបនបត្រ(វគ្គខ្លី) រហូតដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស/វិស្វករ ក្នុងនោះជំនាញផ្នែកអគ្គិសនី និងផ្នែករថយន្ត សិស្សមានការចាប់អារម្មណ៍ចូលរៀនច្រើនជាងគេ ហើយក្រោយបញ្ចប់ការសិក្សាភាគច្រើនសិស្សមានការងារធ្វើ ជាពិសេសនោក្នុងខេត្តពោធិ៍សាត់ផ្ទាល់ដូចជា រោងចក្រដំឡើងរថយន្តFord រោងចក្រដំឡើងត្រង់ហ្វូរ រោងចក្រផលិតនិងដំឡើងបរិក្ខាអគ្គីសនី ជាដើម៕