(ព្រះសីហនុ)៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានណែនាំឲ្យសាងសង់ផែសម្រាប់ផ្ទេរទំនិញ ឲ្យបានរួចរាល់នៅឆ្នាំ២០២៤ ដើម្បីទាញសក្តានុពលពីការដឹកជញ្ជូន។
ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ ទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានតម្លៃ២៤៣ដុល្លារអាមេរិក នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមឲ្យធ្វើយ៉ាងម្ដេចចរចារ រៀបចំឲ្យបានដាច់ស្រេច មុនដំណាច់ខែ១២នេះ ដើម្បីឈានដល់ការអនុវត្ដ នូវការរៀបចំចេញផែសម្រាប់ផ្ទេរទំនិញ [...] ការពង្រីកសក្ដានុពលនេះ នឹងបន្ថែមកំណើនសេដ្ឋកិច្ចជាតិ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការពង្រីកសក្ដានុពលនេះ មិនត្រឹមតែបន្ថែមកំណើនសេដ្ឋកិច្ចជាតិទេ គឺនឹងធ្វើឲ្យនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ នឹងបង្កើនឱកាសការងារ ក៏ដូចជាចំណូលបន្ថែម ទៅដល់កម្មករនិយោជិក ក៏ដូចជាបុគ្គលិកទាំងអស់។
បន្ថែមពីនោះទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នេះជាអ្វីដែលរាជរដ្ឋាភិបាលចង់បាន ដែលជាផលយកមក ដើម្បីចែករំលែក ទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅពេលដែលកំពុងផែដើរ គឺជាកន្លែងភ្ជាប់មួយ ដែលជាដង្ហើម នៃពាណិជ្ជកម្មក្រៅប្រទេស និងក្នុងប្រទេស ដែលនឹងធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច នៅតាមបណ្ដាខេត្ដផ្សេងៗ ការដឹកជញ្ជូនផ្សេងៗទៀត គ្រប់វិស័យទាំងអស់ នឹងរីកចម្រើន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ការពង្រីកសក្ដានុពលនេះ នឹងជួយសេដ្ឋកិច្ច និងជួយបង្កើនការងារ នៅគ្រប់កន្លែងទាំងអស់ បានរីកចម្រើន ដោយសារការអភិវឌ្ឍន៍ នៅក្នុងកំពង់ផែយុទ្ធសាស្ដ្រ នៅក្នុងកំពង់ផែរបស់យើង រួមទាំងកំពង់ផែខេត្ដព្រះសីហនុផងដែរ៕