(ព្រះសីហនុ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានបង្ហាញនូវអ្វីដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែប្រែកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលឡូជីស្ទិកតំបន់។
ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃ២៤៣លានដុល្លារ, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីអតីតកាលត្រឹមតែបម្រើឲ្យការនាំផលិតផលកសិកម្មពីប្រទេសក្រៅប៉ុណ្ណោះ ប៉ុន្ដែបច្ចុប្បន្ននេះ បានក្លាយទៅជាកំពង់ផែដែលមានសក្ដានុពល មិនសម្រាប់តែកម្ពុជានោះទេ ពោលសម្រាប់សក្ដានុពលតំបន់តែម្ដង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលដៅក្នុងការកែប្រែកំពង់ផែនេះ ទៅជាមជ្ឈមណ្ឌលឡូជីស្ទិកតំបន់ គឺជាគោលដៅដែលរាជរដ្ឋាភិបាលអាណត្តិមុន ដែលមានសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បានដាក់ទិសដៅក្នុងការកសាងរួចមកហើយ ហើយរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក៏នឹងបន្ដលើកិច្ចការងារនេះដូចគ្នា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «នេះហើយជាគោលដៅដែលរាជរដ្ឋាភិបាលអាណត្តិមុន សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បានដាក់ទិសដៅនៅក្នុងការកសាងប្រែក្លាយផែនេះច្រើនអាណត្តិមកហើយ យើងបានឈានទៅដល់ដំណាក់កាលថ្មី ហើយទៅថ្ងៃមុខយើងនឹងធ្វើកិច្ចការងារបន្ថែមទៀត ដើម្បីប្រែក្លាយផែនេះមិនត្រឹមជាផែសម្រាប់ឆ្លងកាត់កុងទឺន័រនោះទេ ប៉ុន្ដែទៅជាមជ្ឈមណ្ឌលឡូជីស្ទិកតំបន់»។
បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ចក្ខុវិស័យនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យសក្ដានុពលនៅតំបន់នេះក្លាយទៅជាសក្ដានុពលដែលបម្រើទៅដល់វិស័យពាណិជ្ជកម្មតំបន់ និងអន្ដរជាតិ ដើម្បីភ្ជាប់កម្ពុជាជាមួយតំបន់អន្ដរជាតិ និងជាដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា ដោយមិនចាំបាច់ពឹងផ្អែកបរទេស។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ឥលូវកម្ពុជាមានកំពង់ផែ ប៉ុន្ដែសមត្ថភាព និងលទ្ធភាពនៅមានកម្រិត ដូច្នេះមានន័យថា កប៉ាល់មិនអាចមកគ្រប់នៅកន្លែងនេះទេ ដោយត្រូវពឹងផែប្រទេសជិតខាង ដើម្បីផ្ទេរទំនិញ ជាហេតុធ្វើឲ្យខាតបង់ និងបាត់ភាពប្រកួតប្រជែងច្រើន តែនៅពេលការសាងសង់រួចរាល់នោះនឹងកាន់តែផ្ដល់ភាពងាយស្រួល និងកាន់តែចំណេញច្រើនដល់កម្ពុជា។
សូមជម្រាបថា ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១នេះ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹកសាងសង់ ១៤,៥ម៉ែត្រ។ ផែកុងតឺន័រនេះ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ៦ម៉ឺនតោន ឬស្មើនឹង ៤ពាន់ TEUs ដែលមានផ្លូវដឹកជញ្ចូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែសរុបកើនដល់ប្រមាណ ១,២៥លាន TEUs ក្នុងមួយឆ្នាំ។
គម្រោងនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើរសិន (TOA Corporation) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ (Nippon Koei) និងក្រុមហ៊ុន Oriental_Consultants Global ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៦៕