Alynana Media Cambodia
Icon Collap
clinic narit

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣

Media LNN | Dec 22, 2023
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣
Clinic narith

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម ក្រោយប្រព្រឹត្តិទៅរយៈពេល២ថ្ងៃនេះ។

អង្គសន្និបាតនេះ រៀបចំឡើងដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលក្រសួងសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាស៊ីជម្រៅ និងដោះស្រាយបញ្ហាប្រឈមនានា និងលើកទិសដៅអនុវត្តន៍សម្រាប់ឆ្នាំបន្ទាប់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃ និងកោតសរសើរខ្ពស់ ចំពោះលោក ប៉ាន សូរស័ក្តិ លោកស្រី ចម និម្មល និងមន្ត្រីពាណិជ្ជកម្ម ដែលសម្រេចបានលទ្ធផលដ៏ល្អប្រសើរ។ ជាពិសេសសម្រេចបានទំហំពាណិជ្ជកម្មដល់ទៅជាង ៤៣ពាន់លានដុល្លារអាមេរិក។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងពាណិជ្ជ ដែលសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មនានាជាមួយប្រទេសដៃគូ ជាពិសេសពាណិជ្ជកម្មសេរី ដែលជាការបើកច្រកទីផ្សារបន្ថែមសម្រាប់ផលិតផលរបស់កម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អត់ទាន់បានទីផ្សារជារឿងមួយ តែបើបានហើយបែរជាធ្វើឱ្យបាត់បង់ទៅវិញ ជារឿងគ្រោះថ្នាក់ណាស់។ ជាពិសេសការបាត់ដោយសារអ្នកលក់ ធ្វើឱ្យអ្នកទិញបាត់បង់ជំនឿចិត្ត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទីផ្សារថ្មីត្រូវតែរក ហើយទីផ្សារចាស់ត្រូវរក្សាឱ្យបាន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវរួមគ្នាធ្វើពិពិធកម្មទីផ្សារ។ ពងមាន់កុំដាក់ក្នុងកន្ត្រកតែមួយ ត្រូវដាក់ឱ្យបានច្រើនកន្ត្រក។ ចៀសវាងបែក ឬខូចមួយកន្ត្រក សល់មួយកន្ត្រកទៀត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត​ បានថ្លែងថា ដើម្បីបើកទីផ្សារកម្ពុជា ត្រូវប្រើយុទ្ធសាស្ត្រដើរទៅគោះទ្វារ មិនអាចប្រគល់តែឯកសារឱ្យគេមើលទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់ពេលសម្តេចចេញទៅក្រៅប្រទេស សម្តេចតែងតែណែនាំរដ្ឋមន្ត្រីកុំទៅអង្កុយអមសម្តេច ត្រូវរៀបចំកម្មវិធីជួបអ្នកពាក់ព័ន្ធ ដើម្បីស្វែងរកឱកាសវិនិយោគ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋត្រូវដើរតួនាទីបើកច្រកសម្រាប់វិស័យឯកជន ហើយត្រូវផ្តល់ឱកាសឱ្យវិស័យឯកចូលរួម។ ស្ថាប័នរដ្ឋត្រូវកាត់បន្ថយភាពស្មុគស្មាញទាំងឡាយ ពាក់ព័ន្ធការរកស៊ីរបស់វិស័យឯកជន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្មចែកចាយព័ត៌មានពាក់ព័ន្ធទីផ្សារឱ្យបានទូលាយទៅផលិតករ និងអ្នកពាក់ព័ន្ធ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានរូបមន្តពីរសម្រាប់ទីផ្សារផលិតផល។ ទី១ មានផលិតផលហើយ ទៅរកទីផ្សារ និងទី២ កំណត់ទីផ្សារហើយ ទើបផលិតផលិតផលជាក្រោយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋត្រូវដើរតួនាទីបើកច្រកសម្រាប់វិស័យឯកជន ហើយត្រូវផ្តល់ឱកាសឱ្យវិស័យឯកចូលរួម។ ស្ថាប័នរដ្ឋត្រូវកាត់បន្ថយភាពស្មុគស្មាញទាំងឡាយពាក់ព័ន្ធការរកស៊ីរបស់វិស័យឯកជន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបង្កើតក្រុមការងារសិក្សាទាញយកគ្រឿងសង្ហារឹមក្នុងស្រុក ដើម្បីបំពេញតម្រូវការក្នុងស្រុក តាមរយៈវិភាជថវិកាជាតិទៅគាំទ្រ។ កម្មវិធីនេះ គ្រោងនឹងអនុវត្តន៍នៅឆ្នាំ២០២៥។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានចែករំលែកនូវអនុសាសន៍មួយចំនួនជាវិភាគទានបន្ថែម ដល់ការកំណត់ទិសដៅការងាររបស់ក្រសួងពាណិជ្ជកម្ម។

* ក្រសួងពាណិជ្ជកម្ម ត្រូវចូលរួមដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការលុបបំបាត់ ឧបសគ្គនៃការធ្វើពាណិជ្ជកម្ម និងធុរកិច្ច ដើម្បីបង្កបរិយាកាសអំណោយផលដល់សកម្មភាព ពាណិជ្ជកម្ម ក្នុងប្រទេស និងបម្រើឱ្យការនាំចេញ។

* ក្រសួងពាណិជ្ជកម្ម ត្រូវផ្តល់កិច្ចគាំទ្រគ្រប់បែបយ៉ាង ដើម្បីជំរុញសហគ្រាសកម្ពុជា ទាំងក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ឱ្យមានភាពប្រកួតប្រជែង ហើយថែមទាំងមានសមត្ថភាព ផ្សារភ្ជាប់ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល។

* ក្រសួងពាណិជ្ជកម្មត្រូវពង្រឹងការធ្វើអភិបាលកិច្ច និងអភិវឌ្ឍវិស័យឯកជនដោយ ត្រូវផ្តោតលើការគ្រប់គ្រងសមាគមពាណិជ្ជកម្ម និងសហគ្រាសឯកជន។

* ក្រសួងពាណិជ្ជកម្ម ត្រូវចូលរួមជំរុញការផលិតនូវផលិតផលក្នុងស្រុក និងរៀបចំយុទ្ធសាស្ត្រជំរុញការប្រើប្រាស់ផលិតផលខ្មែរ។

* ការដាក់ប្រចាំការនូវតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅតាមបណ្តាប្រទេសដែលមានសក្ដានុពល ព្រមទាំងបង្កើតសមាគមតាមមុខរបរ និងផលិតផល ដើម្បីចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងចាប់យកឱកាសពាណិជ្ជកម្ម។

* ក្រសួងពាណិជ្ជកម្មត្រូវយកចិត្តទុកដាក់ ក្នុងការបន្តស្រាវជ្រាវ និងចុះបញ្ជីម៉ាកសំគាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ឱ្យកាន់តែបានច្រើនថែមទៀត សំដៅលើកស្ទួយគុណភាព និងម៉ាករបស់ផលិតផលកម្ពុជានៅលើទីផ្សារក្នុងស្រុក និងក្រៅប្រទេស ដោយត្រូវរៀបចំយុទ្ធសាស្ត្រ កាត់បន្ថយ ការនាំចូលទំនិញពីក្រៅប្រទេស ចំពោះទំនិញដែលកម្ពុជាអាចផលិតបាន។

* តាមរយៈយុទ្ធសាស្ត្រពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី, ក្រសួងពាណិជ្ជកម្ម ត្រូវបន្តចរចាបើកទីផ្សារ និងជំរុញការនាំចេញ ដោយសហការជាមួយបណ្តាក្រសួង និង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន រៀបចំយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តំបន់ និងទ្វេភាគី។

* ក្រសួងពាណិជ្ជកម្មត្រូវពិនិត្យ សិក្សាស្រាវជ្រាវឱ្យបានល្អិតល្អន់ អំពីផលប៉ះពាល់ នៃការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (Least | Developed Country-LDC) នេះ ជាពិសេសនៅក្រោមក្របខណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងក្របខណ្ឌតំបន់ មកលើសេដ្ឋកិច្ចកម្ពុជា ដោយកម្ពុជាអាចនឹងត្រូវចាកចេញពីចំណាត់ថ្នាក់ប្រទេស LDC នៅ ក្នុងឆ្នាំ២០២៧ខាងមុខ។

* ក្រសួងពាណិជ្ជកម្ម ត្រូវត្រៀមខ្លួនក្នុងការចរចាស្នើសុំ ភាពអនុគ្រោះថ្មីតាមរយៈប្រព័ន្ធអនុគ្រោះបន្ថែម (GSP Plus) សំដៅរក្សាទីផ្សារ និងរក្សា លំនឹងផលិតកម្ម ព្រមទាំងភាពទាក់ទាញសម្រាប់ការចូលមកវិនិយោគនៅកម្ពុជា។

* ក្រសួងពាណិជ្ជកម្ម ត្រូវចូលរួមយ៉ាងសកម្មក្នុងការជំរុញសេដ្ឋកិច្ច និងធុរកិច្ច ឌីជីថល ជាពិសេសការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការគាំទ្រ និង ការលើកទឹកចិត្តឱ្យផលិតករកម្ពុជាឈានចូលថ្នាលទីផ្សារឌីជីថល ទាំងក្នុងស្រុក និងបរទេស, ការជំរុញការចុះបញ្ជី, ការពង្រឹងអភិបាលកិច្ច ចំពោះធុរកិច្ចឌីជីថល, និងការអនុវត្តកិច្ចសម្រួល ពាណិជ្ជកម្មតាមក្របខណ្ឌច្បាប់ជាតិ និងកិច្ចព្រមព្រៀងអន្តរជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៤៖២៥នាទី, រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣៕