ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃពុធ (២៧ ធ្នូ) នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចាប់ផ្តើមកិច្ចប្រជុំដ៏សំខាន់មួយរបស់គណបក្សកាន់អំណាចរបស់ប្រទេសនេះ ដោយកំណត់ដំណាក់កាលសម្រាប់បង្ហាញការសម្រេចគោលនយោបាយសម្រាប់ឆ្នាំថ្មី។
កិច្ចប្រជុំពេញអង្គលើកទី៩ នៃគណៈកម្មការមជ្ឈិមបក្សពលករកូរ៉េ លើកទី៨ គ្របដណ្ដប់ព្រឹត្តិការណ៍ក្នុងពេលមួយឆ្នាំ ក្នុងអំឡុងពេលដែលប្រទេសឯកោមួយនេះបានដាក់បញ្ចូលគោលនយោបាយនុយក្លេអ៊ែរនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន និងបានបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដោយជោគជ័យ ហើយបាញ់មីស៊ីលផ្លោងអន្តរទ្វីបថ្មី (ICBM)។
ការប្រជុំពេញមួយថ្ងៃរបស់គណបក្ស និងក្រុមមន្ត្រីរដ្ឋាភិបាលនេះត្រូវបានប្រើប្រាស់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីធ្វើការប្រកាសគោលនយោបាយសំខាន់ៗ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនេះបានដកស្រង់សម្ដីមេដឹកនាំកូរ៉េខាងជើងនេះថា លោក គីម «បានកំណត់ឆ្នាំ២០២៣ នេះជាឆ្នាំនៃពេលវាលា និងការផ្លាស់ប្តូរដ៏អស្ចារ្យ» ដោយកោតសរសើរពីវឌ្ឍនភាពក្នុងគ្រប់វិស័យ រួមទាំងវិស័យយោធា សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងសុខភាពសាធារណៈ បើទោះបីជាមាន «គម្លាតខ្លះ» ក៏ដោយ៕