(បាងកក)៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃបានឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃបានអនុម័តវិធានការកាត់បន្ថយពន្ធលើភេសជ្ជៈមានជាតិអាល់កុល និងកន្លែងកម្សាន្ត ដើម្បីជំរុញទេសចរណ៍។ នេះបើយោតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
លោក Chai Wacharonke បានប្រាប់អ្នកយកព័ត៌មានថា ពន្ធលើស្រានឹងត្រូវកាត់បន្ថយពី ១០ ភាគរយមកនៅត្រឹម ៥ ភាគរយ ហើយពន្ធលើស្រាស្ពៀរៀត (ស្រាប្រភេទ អាល់កុលខ្ពស់ ដូចជា Whisky Vodka..) នឹងកាត់បន្ថយពី ១០ ភាគរយមកនៅត្រឹម ០ភាគរយ ខណៈដែលពន្ធលើកន្លែងកម្សាន្តនឹងកាត់បន្ថយពី ១០ភាគរយមកនៅត្រឹម ៥ភាគរយ។ លោកបន្ថែមថាថា វិធានការពន្ធនឹងផុតកំណត់នៅចុងឆ្នាំនេះ។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរនានាបរបស់ថៃកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ បានបន្ថែមម៉ោងបើកដំណើរការសម្រាប់កន្លែងកម្សាន្តចំនួន ២ម៉ោងដែលនឹងបើកដំណើរការរហូតដល់ម៉ោង ៤ទៀបភ្លឺសម្រាប់អ្នកមកកម្សាន្តពេលយប់ និងភ្ញៀវទេសចរ។
រដ្ឋលេខាធិការអចិន្ត្រៃយ៍ក្រសួងហិរញ្ញវត្ថុលោក Lavaron Sangsnit បានថ្លែងនៅក្នុងសន្និសីទកាសែតដាច់ដោយឡែកមួយថា ការបាត់បង់ប្រាក់ចំណូលពន្ធនឹងត្រូវបានប៉ះប៉ូវមកវិញជាមួយនឹងប្រាក់ចំណូលបន្ថែមពីភ្ញៀវទេសចរ។
ទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់សម្រាប់សេដ្ឋកិច្ចថៃដែលជាសេដ្ឋកិច្ចធំទីពីរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទិន្នន័យរបស់រដ្ឋាភិបាលថៃបានបង្ហាញថា កាលពីឆ្នាំមុន ប្រទេសថៃសម្រេចបានទិសដៅទេសចរណ៍របស់ខ្លួនចំនួន ២៨លាននាក់ ដែលបង្កើតប្រាក់ចំណូលបានចំនួន ១,២ពាន់ពាន់លានបាត។
លោក Lavaron បានថ្លែងថា នៅឆ្នាំ២០២៤ រដ្ឋាភិបាលកំពុងកំណត់ទិសដៅនៃការមកដល់របស់ភ្ញៀវទេសចរជាង ៣៤លាននាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕