Alynana Media Cambodia
Icon Collap
clinic narit

គិតត្រឹមដំណាច់ឆ្នាំ២០២៣ រោងចក្រចម្រាញ់រ៉ែមាសនៅកម្ពុជាសម្រេចការចម្រាញ់រ៉ែមាសបាន ៩,៥តោន

Media LNN | Jan 05, 2024
គិតត្រឹមដំណាច់ឆ្នាំ២០២៣ រោងចក្រចម្រាញ់រ៉ែមាសនៅកម្ពុជាសម្រេចការចម្រាញ់រ៉ែមាសបាន ៩,៥តោន
Clinic narith

គិតត្រឹមដំណាច់ឆ្នាំ២០២៣នេះ រោងចក្រចម្រាញ់រ៉ែមាសនៅកម្ពុជា សម្រេចការចម្រាញ់រ៉ែមាសបាន ៩,៥តោន ហើយ នេះបើចាប់គិតតាំងពីថ្ងៃចម្រាញ់ជាផ្លូវការលើកដំបូងនៅឆ្នាំ២០២១ មក។

ក្រសួងបានបង្ហាញរបាយការណ៍នេះ នៅក្នងកម្រងវីដេអូ អំពីសមិទ្ធផលធំៗនៃការអភិវឌ្ឍវិស័យថាមពល រ៉ែ និងប្រេងកាត ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ។​

កម្ពុជាប្រមូលចំណូលមិនមែនសារពើពន្ធរពីវិស័យរ៉ែ ក្នុងបំណាច់ឆ្នាំ ២០២៣  ទទួលបានប្រមាណ ៥០លានដុល្លារ ដោយបានកើនឡើងគួរកត់សម្គាល់  ដែលកាលពីឆ្នាំ២០១៣ មានត្រឹមតែ២លានដុល្លារប៉ុណ្ណោះ។​

ក្រសួងលើកឡើងថា៖ “ចក្ខុវិស័យវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យរ៉ែ គឺអភិវឌ្ឍន៍ធនធានរ៉ែ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងសង្គម ប្រកបដោយអភិបាលកិច្ចល្អ និងទទួលខុសត្រូវខ្ពស់លើផ្នែកបរិស្ថាន”។

សូមបញ្ជាក់ថា  ក្រសួងបានចេញអាជ្ញាបណ្ណរុករករ៉ែមាស ដល់ក្រុមហ៊ុនសរុបចំនួន៩ ខណៈក្រុមហ៊ុនចំនួន៦ កំពុងដំណើរការអាជីវកម្ម និងក្រុមហ៊ុនចំនួន៣ទៀត កំពុងរៀបចំការដ្ឋានអាជីវកម្ម។

ក្រុមហ៊ុនទាំង៦ រួមមាន ទីមួយ៖ ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ទី២៖ ក្រុមហ៊ុន Xinshan ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ ទិ៣៖ ក្រុមហ៊ុន ឌែលខម ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ ទី៤៖ ក្រុមហ៊ុន Rong Cheng ស្ថិតនៅតំបន់ចុងផ្លាស់ ខេត្ដមណ្ឌលគិរី ទី៥៖ ក្រុមហ៊ុន Xing Yuan ស្ថិតនៅតំបន់អូរត្រូន ខេត្តក្រចេះ និងទី៦៖ ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD ស្ថិតតំបន់ភ្នំជី ខេត្តកំពង់ធំ។

យោងតាមឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកឡើងនៅខែវិច្ឆិកា ក្នុងចំណោមក្រុមហ៊ុនទាំង៦នេះ គឺក្រុមហ៊ុន Renaissance Minerals នៅខេត្តមណ្ឌលគិរី ទទួលបានទិន្នផលខ្ពស់ជាងគេ ខណៈ៥ក្រុមហ៊ុនទៀត ទទួលបានផលតិចតួចប៉ុណ្ណោះ៕