បន្ទាប់ពីទទួលបានការអនុម័តពីរាជរដ្ឋាភិបាល គម្រោងវារីអគ្គិសនីថ្មីមួយ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ និងខេត្តកោះកុង ដែលមានឈ្មោះថា គម្រោងវារីអគ្គិសនីស្ទឹងមេទឹក កំពុងស្ថិតក្នុងដំណាក់ការ រៀបចំដំណើរការ សំអាតបាតអាង ។
នារសៀលថ្ងៃទី៤ ខែមករា ម្សិលមិញនេះ នៅរដ្ឋបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំមួយស្តីអំពី “ការចុះពិនិត្យកំណត់ព្រំប្រទល់បាតអាង ដើម្បីរៀបចំផែនទី ទីតាំងដែលត្រូវឈូសឆាយ ជាក់ស្តែង របស់គម្រោងវារីអគ្គិសនីស្ទឹងមេទឹក “។
ឯកឧត្តម គឹម ណុង អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន បានលើកឡើងថា តាម ស.ជ.ណ របស់រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុនស្ទឹងមេទឹកហាយដ្រូផៅវ័រ ដើម្បីប្រមូលផល អនុផលព្រៃឈើក្នុងតំបន់គម្រោងវារីអគ្គិសនីស្ទឹងមេទឹក ដូច្នេះកិច្ចប្រជុំក្រុមការងារចម្រុះក្នុងពេលនេះ គឺក្នុងគោលបំណង ដើម្បីជជែកគ្នាជាមួយអាជ្ញាធរខេត្ត ពោធិ៍សាត់ និងភាគីក្រុមហ៊ុនរួចចុះពិនិត្យ និងកំណត់ទីតាំង និយាមការដើម្បីឈូសឆាយស្ដារបាតអាង។ ជាការ ពិតការស្តារបាតអាងប្រាកដជាប៉ះពាល់ដល់ព្រៃឈើ ដូច្នេះយើងត្រូវពិនិត្យមើលថាតើ ឈើប្រភេទណានិងទីតាំងណាខ្លះដែល ត្រូវរក្សាទុកដើម្បីទាក់ទាញទឹកភ្លៀង ជាប្រភពនៃជម្រកសត្វព្រៃ និងឈើប្រភេទណាខ្លះត្រូវសំអាត។
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា បញ្ហាប្រឈមដែលកើតចេញពីការអនុវត្តគម្រោងស្តារបាតអាងកន្លងមកគឺ គឺធ្លាប់មានករណី ការកាប់ឈើពីតំបន់ផ្សេងមកបន្លំធ្វើ ជាឈើបាតអាង និងការកាប់រានដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ ហើយតាំងខ្លួនជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បង្ករជាបញ្ហាដល់អាជ្ញាធរខេត្តដោះស្រាយមិនចេះចប់។ ដូចនេះ ខាងក្រុមហ៊ុនត្រូវសហការជាមួយ ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ត ដើម្បីបង្ការបញ្ហាប្រឈមទៅថ្ងៃក្រោយ ។
គម្រោងវារីអគ្គិសនីស្ទឹងមេទឹក មានអនុភាព១៥០មេហ្គាវ៉ាត់ ប្រើទុនវិនិយោគប្រមាណ ៤០០លានដុល្លារ ដោយក្រុមហ៊ុន ស្ទឹងមេទឹក ហាយដូផៅវ័រ មានទីតាំងស្ថិតក្នុងភូមិសាស្ត ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ក្នុងគម្រោងវារីអគ្គិសនីស្ទឹងមេទឹកនេះ គឺមានទំនប់វារីអគ្គិសនីចំនួន៣រួម បញ្ជូលគ្នា ដោយទំនប់វារីអគ្គិសនីទី១មានអនុភាព ៥៧មេហ្គាវ៉ាត់ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយទំនប់វារីអគ្គិសនីទី២មានអនុភាព ៥៣មេហ្គាវ៉ាត់ និងទំនប់វារីអគ្គិសនីទី៣មានអនុភាព ៤០មេហ្គាវ៉ាត់គឺស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ក្នុងគម្រោងវារីអគ្គិសនីស្ទឹងមេទឹកនេះ ក៏មានអាងស្តុបទឹកចំនួន៣ផងដែរនៅតាមទំនប់វារីអគ្គិសនី ទាំង៣ ដែលគ្រប់ដណ្តប់លើផ្ទៃដីទំហំ២៥៧៦ ហិកតាក្នុងខេត្តពោធិ៍សាត់ និង៨៧២ហិកតាទៀត ក្នុងខេត្តកោះកុង ៕