កម្ពុជាទទួលបានចំណូលជាង១ពាន់៧រយលានដុល្លារ ពីការនាំចេញស្រូវ-អង្ករ នៅពេញមួយឆ្នាំ២០២៣ មានការកើនឡើងគួរឱ្យកត់សម្គាស់បើធៀបនឹងឆ្នាំ២០២២។ បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា គឺអង្ករកម្ពុជា នាំចេញទៅកាន់ទីផ្សារគោលដៅចំនួន៦១គោលដៅ ក្នុងនោះនាំចេញទៅកាន់ទីផ្សារអឺរ៉ុបមានចំនួនច្រើនជាងគេ តាមពីក្រោយដោយទីផ្សារចិន ចំណែកស្រូវរបស់កម្ពុជានាំចេញទៅកាន់ប្រទេសក្បែរខាង។
បើយោងតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅពេញមួយឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករសម្រេចបាន៦៥៦ពាន់តោនកើនឡើង៣% បើធៀបនឹងឆ្នាំ២០២២ បើគិតជាទឹកប្រាក់មានចំនួន៤៦៦លានដុល្លារ កើនឡើង១៣% បើធៀបនឹងឆ្នាំ២០២២។ អង្ករកម្ពុជានាំចេញទៅកាន់គោលដៅចំនួន៦១ដោយក្រុមហ៊ុនចំនួន៦៣។
បើតាមទិន្នន័យដដែល អឺរ៉ុប និងចិន គឺជាទីផ្សារនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ ក្នុងនោះជាង២១ម៉ឺនតោន ត្រូវបាននាំចេញទៅចិន និងតំបន់រដ្ឋបាលស្វយ័ត គិតជាប្រាក់មានចំនួន១៣៨លានដុល្លារ និងអង្ករជាង២៦ម៉ឺនតោន ត្រូវបាននាំចេញទៅកាន់ទីផ្សារ២៦ប្រទេសនៅតំបន់អឺរ៉ុប គិតជាទឹកប្រាក់ប្រមាណ១៩១លានដុល្លារ។ ក្រៅពីនេះ អង្ករកម្ពុជាក៏ត្រូវបាននាំចេញទៅកាន់ប្រទេសចំនួន៧នៅតំបន់អាស៊ាន ជាមួយបរិមាណជាង៩ម៉ឺន៣ពាន់តោន ដោយគិតជាប្រាក់មានទំហំ៦២លានដុល្លារ និងអង្ករជាង៨ម៉ឺន៥ពាន់តោន ស្មើនឹង៧៦លានដុល្លារត្រូវបាននាំចេញទៅកាន់ប្រទេសនៅតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា និងប្រទេសផ្សេងៗមួយចំនួនទៀត។
អង្ករក្រអូបបានក្លាយជាអង្ករមានពេញនិយម និងនាំចេញបានច្រើនជាងគេដោយបានក្តោបចំណែកទីផ្សាររហូតដល់៦២% បន្ទាប់មកអង្ករសគ្រាប់វែងមាន១២%, អង្ករចំហ៊ុយជិត៣%, អង្ករសរីរាង្គជិត២% និងអង្ករដំណើប និងអង្ករសគ្រាប់ខ្លីបានរួមចំណែកទីផ្សារក្រោម១%។
ទន្ទឹមនឹងការនាំចេញអង្ករមានការកើនឡើង ការនាំចេញស្រូវរបស់កម្ពុជា ក៏មានកំណើនគួរឱ្យកត់សម្គាល់ផងដែរ។ ជាក់ស្តែងនៅពេញមួយឆ្នាំ២០២៣ កម្ពុជានាំចេញស្រូវទៅកាន់ប្រទេសជិតខាងសម្រេចបានជាង៤លាន៣៨ម៉ឺនតោនកើនឡើង២៧% បើធៀបនឹងឆ្នាំ២០២២ បើគិតជាទឹកប្រាក់មានចំនួនជាង១ពាន់៣រយលានដុល្លារ កើនឡើង៥៦% បើធៀបនឹងឆ្នាំ២០២២៕