ប្រភពច្បាស់ការមួយបានទម្លាយឱ្យដឹងថា ពាណិជ្ជកម្មប្រេងរវាងប្រទេសចិនជាមួយអ៊ីរ៉ង់ បានជាប់គាំង បន្ទាប់ពីក្រុងតេហេរ៉ង់ ផ្អឹបការដឹកជញ្ជូនប្រេង និងសុំដំឡើងថ្លៃពីប្រទេសចិន ដែលជាឈ្មួញទិញប្រេងធំបំផុតរបស់ខ្លួន ហើយនេះ គឺជាការរឹតបន្តឹងការផ្គត់ផ្គង់ប្រេងក្នុងតម្លៃថោកសម្រាប់ប្រទេសចិន ដែលជាអ្នកនាំចូលប្រេងដ៏ធំបំផុតរបស់ពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
ការនាំចេញប្រេងរបស់អ៊ីរ៉ង់ទៅកាន់ប្រទេសចិន បានគ្របដណ្ដប់ប្រមាណ១០%នៃការនាំចូលប្រេងឆៅសរុបរបស់ប្រទេសចិន ហើយការជាប់គាំងនេះអាចជួយទ្រទ្រង់ដល់តម្លៃប្រេងសកល និងកាត់បន្ថយប្រាក់ចំណេញនៅតាមរោងចក្រចម្រាញ់ប្រេងរបស់ប្រទេសចិន។ចំណាត់ការភ្លាមៗឥតព្រាងទុកនេះ ក៏អាចឆ្លុះបញ្ចាំងពីឥទ្ធិពល នៃការដកទណ្ឌកម្មប្រេងរបស់សហរដ្ឋអាម៉េរិកទៅលើប្រទេសវេណេស៊ុយអេឡា ដែលបានបង្វែរការដឹកជញ្ជូនពីវេណេស៊ុយអេឡាទៅកាន់អាម៉េរិក និងឥណ្ឌា ដោយបានបង្កើនតម្លៃសម្រាប់ប្រទេសចិនផងដែរ ខណៈការដឹកជញ្ជូនបានថយចុះ។
ទោះជាយ៉ាងណា ទាំងក្រុមហ៊ុនប្រេងជាតិរបស់អ៊ីរ៉ង់ ទាំងក្រសួងពាណិជ្ជកម្មចិន និងទាំងក្រសួងរតនាគារសហរដ្ឋអាម៉េរិក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការឆ្លើយបំភ្លឺជុំវិញបញ្ហានេះនោះទេ។ ប្រភពឈ្មួញបានឱ្យដឹងថា កាលពីដើមខែមុន ឈ្មួញប្រេងនៅប្រទេសអ៊ីរ៉ង់ បានប្រាប់អ្នកទិញចិន ថា ពួកគេនឹងកាត់បន្ថយការបញ្ចុះតម្លៃសម្រាប់ការចែកចាយប្រេងឆៅរបស់អ៊ីរ៉ង់សម្រាប់ខែធ្នូ និងខែមករា មកនៅត្រឹមចន្លោះពី៥ដុល្លារទៅ៦ដុល្លារ ក្នុងមួយបារ៉ែល។ ឈ្មួញទាំងនោះបាននិយាយថា នៅក្នុងកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាកាលពីខែវិច្ឆិកា ឆ្នាំមុន ប្រេងត្រូវបានលក់បញ្ចុះតម្លៃប្រហែល១០ដុល្លារក្នុងមួយបារ៉ែល។
នាយកប្រតិបត្តិមួយរូបនៅក្រុមហ៊ុនឈ្មួញកណ្តាលរបស់ចិន ដែលទទួលទិញប្រេងដោយផ្ទាល់ពីអ៊ីរ៉ង់បាននិយាយថា អ៊ីរ៉ង់ដែលជាសមាជិកមួយនៃអង្គការប្រេងអូប៉ិច (OPEC) កំពុងផ្អឹបការនាំចេញប្រេងមួយចំនួន ដែលនាំឱ្យជាប់គាំងរវាងអ្នកទិញចិន និងអ្នកផ្គត់ផ្គង់អ៊ីរ៉ង់។នាយកប្រតិបត្តិរូបនេះនិយាយថា គេមិនច្បាស់ទេថា តើស្ថានភាពនេះនឹងបញ្ចប់ដោយរបៀបណា ហើយរង់ចាំមើលបន្តិចទៀតថា តើរោងចក្រចម្រាញ់ប្រេងមានឆន្ទៈទទួលយកតម្លៃថ្មីនេះដែរ ឬក៏យ៉ាងណា។
ប្រទេសចិន បានចំណេញប្រាក់រាប់ពាន់លានដុល្លារពីការទិញប្រេងលក់បញ្ចុះតម្លៃច្រើន ដែលជាញឹកញាប់ គឺទិញពីប្រទេសជាប់ទណ្ឌកម្មប្រេងដូចជាអ៊ីរ៉ង់ វេណេស៊ុយអេឡា និងរុស្ស៊ីដោយប្រទេសទាំងនេះបានផ្គត់ផ្គង់ការនាំចូលប្រេងឆៅជិត៣០% នៃការនាំចូលប្រេងឆៅសរុបរបស់ប្រទេសចិន៕