គម្រោងសាងសង់ទីលានវាយកូនហ្គោល Bay19 ស្តង់ដារអន្តរជាតិដំបូងគេដែលមានទំហំវិនិយោគ ៤១លានដុល្លារ បានបើកការដ្ឋានសាងសង់នៅលើទីតាំងស្ថិតនៅឆ្នេរសមុទ្ររាម នៃខេត្តព្រះសីហនុដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ Bay of Lights និងគ្រោងដាក់ឱ្យដំណើរការប្រើប្រាស់នៅត្រីមាសទី៣ ឆ្នាំ២០២៥ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកមួយដែលបានចុះផ្សាយថ្ងៃទី០៥ ខែមករា ឆ្នាំ ២០២៤។
ពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ ត្រូវបានប្រារព្វធ្វើក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និង លោក សេង ម៉េងហុង រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣។
ចំពោះលក្ខណៈរចនាប័ទ្មវិញ ទីលានវាយកូនហ្គោល Bay19 នេះ ត្រូវបានរៀបចំគម្រោងសាងសង់ឡើងដោយកីឡាករវាយកូនហ្គោលដ៏ល្បីល្បាញ Greg Norman ក្នុងស្តង់ដារមួយមិនត្រឹមតែដើម្បីផ្ដល់ជូនបទពិសោធន៍នៃការលេងកីឡាបែបស្តង់ដាអន្តរជាតិនោះទេ ប៉ុន្តែក៏មានអមជាមួយនូវទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រប្រទេសកម្ពុជា ដែលនឹងធ្វើឲ្យទីលានវាយកូនហ្គោល Bay19 មានលក្ខណៈពិសេស ខុសប្លែកពីទីលានវាយកូនហ្គោលនៅក្នុងស្រុកដទៃទៀត និងបើកទំព័រថ្មីនៃកីឡាវាយកូនហ្គោលនៅកម្ពុជា។
ក្នុងបរិវេណនៃទីលានវាយកូនហ្គោល Bay19 នេះ ក៏នឹងមាននូវសណ្ឋាគារផ្កាយបួនចំនួនបួន រីសតផ្កាយ៥ និងផ្កាយ៦ ចំនួនបី និងផ្លូវដើរលំហែចំនួនបួន ដែលការរៀបចំនេះនឹងធ្វើឲ្យទីលានវាយកូនហ្គោល Bay19 ក្លាយជាទីតាំងកម្សាន្តដ៏ល្អប្រពៃទាំងសម្រាប់អ្នកនិយមលេងកីឡាវាយកូនហ្គោល និងភ្ញៀវទេសចរទូទៅផងដែរ។
ប្រភពដដែលបានឱ្យដឹងថា ដំណាក់កាលដំបូងនៃលានដ្ឋាននេះ គ្រោងបើកដំណើរការនៅត្រឹមត្រីមាសទីបី នៃឆ្នាំ២០២៥ ប៉ុន្តែទីលានវាយកូនហ្គោលស្តង់ដា ១៨រន្ធ គ្រោងនឹងទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ នៅត្រឹមឆ្នាំ២០២៧ ជាមួយនឹងគោលដៅសម្រេចការសាងសង់ទាំងស្រុងត្រឹមឆ្នាំ២០២៩។
ទីលានវាយកូនហ្គោល Bay 19 នឹងក្លាយជាគោលដៅកីឡាបែបលំហែដ៏ល្អឯកទាំងសម្រាប់ការវិនិយោគ និងការកម្សាន្ត ដែលនឹងបំពេញតួនាទីមិនត្រឹមតែផ្លាស់ប្ដូរបទពិសោធន៍នៃការលេងកីឡាវាយកូនហ្គោលនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងក្លាយជាទីតាំងដែលនឹងផ្ដល់បទពិសោធន៍ដ៏អស្ចារ្យសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ ដែលនឹងទទួលអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតពីទេសចរណ៍ខេត្តព្រះសីហនុ ជាពិសេសទីក្រុងរណបថ្មីរាមផងដែរ៕