ថ្មីៗនេះ អ្នកវិនិយោគគិនមកពីប្រទេសកូរ៉េបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចង់មកវិនិយោគលើវិស័យយានយន្តនៅកម្ពុជាបន្ថែមទៀត។
ជាក់ស្តែងកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគបានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Camko Infracore ក្នុងគោលបំណងបង្កើនការឈ្វេងយល់អំពីការលើកទឹកចិត្តលើគម្រោងពង្រីកសកម្មភាពវិនិយោគលើវិស័យយានយន្ត និងសកម្មភាពដែលមានសែស្រឡាយពាក់ព័ន្ធ។
ឯកឧត្តមក៏បានសម្តែងចំណាប់អារម្មណ៍ ក្នុងការបន្តពង្រីកខ្សែច្រវាក់ផលិតកម្មនៅកម្ពុជាក្រោយទទួលបានជោគជ័យប្រកបដោយផ្លែផ្កាពីគម្រោងវិនិយោគរបស់ខ្លួនកាលពីពេលកន្លងទៅ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនតំណាងក្រុមហ៊ុនអំពីវត្តមាននៃតុកូរ៉េ (Korea Desk) ដែលជាយន្តការជួរមុខសម្រាប់ប្រចាំការផ្តល់កិច្ចសម្រួល និងផ្តល់សេវាវិនិយោគឯកជនប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈជូនវិនិយោគិនកូរ៉េ។
លើសពីនេះ ឯកឧត្តមបានឆ្លៀតយកឱកាសបំផុសគំនិតផ្តួចផ្តើមជូនតំណាងក្រុមហ៊ុនដើម្បីពិនិត្យលទ្ធភាពរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ក្នុងគោលបំណងប្រែក្លាយទីតាំងនោះទៅជាបណ្តុំកម្រងឧស្សាហកម្ម (Industrial Cluster Complex) ដែលនឹងបម្រើសេចក្តីត្រូវការរបស់សហគ្រាសដែលមានសែស្រឡាយពាក់ព័ន្ធ៕