Alynana Media Cambodia
Icon Collap
clinic narit

សម្ដេចតេជោ ថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន បានយកចិត្តទុកដាក់សុខទុក្ខពលរដ្ឋខ្មែរ នៅជប៉ុន ពិសេសអំឡុងគ្រោះរញ្ជួយដី

Media LNN | Jan 11, 2024
សម្ដេចតេជោ ថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន បានយកចិត្តទុកដាក់សុខទុក្ខពលរដ្ឋខ្មែរ នៅជប៉ុន ពិសេសអំឡុងគ្រោះរញ្ជួយដី
Clinic narith

 

កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៤ សម្តេចតេជោបានអនុញ្ញាតឱ្យឯកឧត្តម កូមួរ៉ា ម៉ាសាហ៊ិកូ (Komura Masahiko) អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសំដែងការគួរសមនៅសណ្ឋាគារ New Otani Tokyo ប្រទេសជប៉ុន។

សម្តេចតេជោ បានថ្លែងនូវការចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុនចំពោះគ្រោះមហន្តរាយរញ្ជួយដីថ្មីៗនេះនៅប្រទេសជប៉ុន និងឧបទ្ទវហេតុនៃការប៉ះទង្គិចយន្តហោះ ដែលបានបណ្តាលឱ្យមានការបាត់បង់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើន។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុនដែលបានជួយយកចិត្តទុកដាក់ដល់សុខទុក្ខ និងសុវត្ថិភាពរបស់និស្សិត កម្មសិក្សាការី និងពលករកម្ពុជាដែលកំពុងសិក្សា និងធ្វើការនៅតំបន់រងគ្រោះដោយសារការរញ្ជួយផែនដីផងដែរ។

ឯកឧត្តម កូមួរ៉ា ម៉ាសាហ៊ិកូ បានគោរពថ្លែងអំណរគុណសម្តេចតេជោ ដែលបានឆ្លៀតពេលមមាញឹក ​ទទួលជួប ឯកឧត្តម និងមានក្តីរំភើបរីករាយដោយមានឱកាសរំលឹកដល់​អនុស្សាវរីយ​ល្អៗកាល​ពីអតីតកាលក្នុងនាមមិត្តភក្តិចាស់ ជាពិសេសក្នុងដំណាក់កាលចរចាស្វែងរកសន្តិភាព ការចូលរួម​ចំណែក​របស់ជប៉ុនក្នុងការបង្កើតឧត្តមក្រុមប្រឹក្សាជាតិ (SNC) និងដំណើរការស្តារប្រទេសកម្ពុជា​ឡើងវិញបន្ទាប់ពីសង្រ្គាមស៊ីវិលជាដើម។

ក្នុងនោះឯកឧត្តមបានសំដែងនូវការកោតសរសើរចំពោះតួនាទីស្នូលរបស់សម្តេចតេជោ ក្នុងការសម្រេចបាននូវសន្តិភាពពេញលេញក្នុងដំណាក់កាលបន្តបន្ទាប់ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាយ៉ាងឆាប់រហ័ស ព្រមទាំងការការពង្រឹងនិងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុនមកទល់សព្វថ្ងៃនេះ។

ទន្ទឹមនេះ ឯកឧត្តមបានបង្ហាញនូវជំនឿទុកចិត្តលើរាជរដ្ឋាភិបាលថ្មី ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំប្រកបដោយភាពជឿជាក់ ក្នុងការបន្តថែរក្សាសមិទ្ធផលដែលមានស្រាប់ និង​មានចក្ខុវិស័យវែងឆ្ងាយក្នុងការបន្តដឹកនាំប្រទេសកាន់តែរីកចម្រើនថែមទៀត ព្រមទាំង​បន្តពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី កម្ពុជា-ជប៉ុនឱ្យកាន់តែស៊ីជម្រៅ ក៏ដូចជាកិច្ច​សហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

នៅចុងបញ្ចប់ សម្តេចតេជោ និងឯកឧត្តមអតីតរដ្ឋមន្ត្រីការបរទេស ក៏បានយកឱកាស​នេះពិភាក្សាផ្លាស់ប្តូរ ទស្សនៈគ្នាជុំវិញបញ្ហាភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ ដែលក្នុងនោះមាន​ទាំងស្ថានការណ៍នៅមីយ៉ាន់ម៉ាផងដែរ៕