Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋសម្រេចចេញវិធានការសំខាន់ៗ៤ ដើម្បីរក្សាគុណភាពខ្យល់

Media LNN | Jan 12, 2024
រដ្ឋសម្រេចចេញវិធានការសំខាន់ៗ៤ ដើម្បីរក្សាគុណភាពខ្យល់
Clinic narith

ក្រសួងបរិស្ថាន បានស្នើដល់រដ្ឋបាលរាជធានី-ខេត្តទាំង២៥ ជួយផ្សព្វផ្សាយ និងអនុវត្តនូវវិធានការសំខាន់ៗចំនួន ០៤ ដើម្បី​រក្សានូវគុណភាពខ្យល់ សំដៅកាត់បន្ថយការបំពុលខ្យល់សាធារណៈ។ នេះបើតាមក្រសួងបរិស្ថានកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។

បើតាមការសិក្សារបស់ក្រសួងបរិស្ថាន បានបង្ហាញឱ្យដឹងថា ជារៀងរាល់ឆ្នាំ នៅរដូវប្រាំងចាប់ពីខែធ្នូដល់ខែមេសា លទ្ធផលគុណភាពខ្យល់ដែលក្រសួងបរិស្ថានបានធ្វើការតាមដាននៅរាជធានីភ្នំពេញ និងបណ្តាខេត្តទូទាំងប្រទេស បានបង្ហាញថា ស្ថានភាពគុណភាពខ្យល់មានការធ្លាក់ចុះគួរឱ្យព្រួយបារម្ភ ជាពិសេសកំណើនកំហាប់ភាគល្អិតនិចល អណ្ដែតក្នុងខ្យល់ (PM10 និងPM2.5) អាចមានកម្រិតលើសស្តង់ដារកំណត់ ដែលជាហានិភ័យបង្កការប៉ះពាល់សុខភាព ប្រជាពលរដ្ឋ និងបរិស្ថាន។

កំណើនកំហាប់ភាគល្អិតនិចលនេះបង្កឡើងពី ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម យានយន្ត ជាពិសេសភ្លើងឆេះព្រៃ ការដុតវាលស្មៅ ការដុតសំណល់កសិកម្មការដុតរានព្រៃ ការដុតគល់ជញ្ជាំង ការដុតសំរាម សំណល់រឹង នៅទីចំហ និងការឆេះនៅទីលានចាក់សំរាម ការបោះចោល និងដុតសំណល់ប្លាស្ទិក ព្រមទាំងការហុយធូលីពីការដ្ឋានសំណង់ជាដើម។

ដោយមើលឃើញពីបញ្ហាប្រឈមនេះ ក្រសួងបរិស្ថាន បានស្នើឱ្យអភិបាលរាជធានី-ខេត្តទាំង២៥ ជំរុញផ្សព្វផ្សាយការអនុវត្តសារាចរលេខ ០១សរ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ​ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រជាពលរដ្ឋ និងត្រៀមមធ្យោបាយ។

ព្រមជាមួយគ្នានេះ ក្រសួងបរិស្ថាន ណែនាំឱ្យចាត់វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈដូចខាងក្រោម៖

ទី១៖ អប់រំណែនាំប្រជាពលរដ្ឋកុំឱ្យដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់កសិកម្ម គល់ជញ្ជាំង សំរាម សំណល់រឹង ប្លាស្ទិក និងការដុតសំណល់ផ្សេងៗទៀតនៅទីលំហ

ទី២៖ ទប់ស្កាត់ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជាំង ការដុតសំណល់កសិកម្ម សំរាម ការបោះចោលនិងដុតសំណល់ប្លាស្ទិក  និងការឆេះទីលានចាក់សំរាម

ទី៣៖ ចាត់វិធានការទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់

និងទី៤៖ ធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈឱ្យបានជាប់ជាប្រចាំ៕