រដ្ឋាភិបាលឥណ្ឌា តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានស្នើដល់កម្ពុជាឲ្យបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយខ្លួនបន្ថែមទៀត លើវិស័យការពារជាតិ និងក្រសួងមហាផ្ទៃ និងសំណូមពរដល់អាជ្ញាធរកម្ពុជាឲ្យជួយការពារ និងទប់ស្កាត់ផលប៉ះពាល់ដល់ប្រជាជនខ្លួនដែលមកកម្ពុជាផងដែរ។
នៅក្នុងកិច្ចជំនួបជាមួយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្តីទីនៃកម្ពុជា នាល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះនៅទីស្តីការគណៈរដ្ឋមន្រ្តី លោកស្រីបណ្ឌិត ដេវយ៉ានី ឃូប្រ៊ាហ្គឺដេ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានលើកសំណើដោយស្នើសុំឲ្យមានកិច្ចសន្ទនាលើការងារសន្ដិសុខ និងប្រឆាំងបទឧក្រិដ្ឋនានា ដោយសហការផ្ទាល់ជាមួយកម្ពុជា និងសំណូមពរឲ្យមានកិច្ចសហការត្រង់ជាមួយក្រសួងជំនាញនីមួយៗ របស់រដ្ឋាភិបាលប្រទេសទាំងពីរ ដូចជា ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃជាដើម ព្រមទាំងបង្កើននូវអនុស្សារណៈនៃការយោគយល់គ្នាដើម្បីពន្លឿនកិច្ចសហប្រតិបត្តិការ លើវិស័យទាំងនេះ។
ជាមួយគ្នានោះដែរលោកស្រីឯកអគ្គរដ្ឋទូតក៏បានសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជាជួយសម្រួលដល់ការងារទប់ស្កាត់ប្រឆាំងអំពើជួញដូរមនុស្ស ដែលបានមានផលប៉ះពាល់ដល់ប្រជាជនឥណ្ឌា ក៏ដូចជាការងារអន្ដោប្រវេសន៍ សំដៅជួយសម្រួលដល់អ្នកទេសចរ និងធុរកិច្ចជនឥណ្ឌា ដែលមកដើរកម្សាន្ដ និងបំពេញការងារនៅប្រទេសកម្ពុជាផងដែរ។
នៅក្នុងកិច្ចជំនួបនោះដែរលោកស្រីដេវយ៉ានី ឃូប្រ៊ាហ្គឺដេ ក៏បានកោតសរសើរចំពោះសមិទ្ធផលរយៈពេលជាង៤ខែ របស់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧នេះ ដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ សំដៅបម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ លោកស្រីក៏បានបង្ហាញជំហរដោយចាត់ទុកកម្ពុជា ជាដៃគូសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ពោលមានទាំងវប្បធម៌, អរិយធម៌ស្រដៀងគ្នាផងដែរ។ តាមរយៈនេះឥណ្ឌា បានចាត់ទុកកម្ពុជា ជាដៃគូសហប្រតិបត្តិការដ៏មានទំនុកចិត្តមួយផងដែរ។ក្នុងឱកាសនៃកិច្ចជំនួបនោះដែរ លោកស្រីឯកអគ្គរដ្ឋទូតក៏បានបង្ហាញអំពីគោលជំហររបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការជួយកម្ពុជាលើវិស័យឌីជីថលព័ត៌មានវិទ្យា ខណៈប្រទេសឥណ្ឌា មានការរីកចម្រើន និងនាំមុខលើវិស័យមួយនេះ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម នេត សាវឿន នាយករដ្ឋមន្រ្តីស្តីទី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសឥណ្ឌា ជាមួយប្រទេសកម្ពុជានាពេលកន្លងមក ដែលក្នុងនោះ ឥណ្ឌាបានជួយដល់កម្ពុជាយ៉ាងច្រើនលើគ្រប់វិស័យ ពិសេសលើការងារសន្ដិសុខ ការពារជាតិ និងបណ្ដុះបណ្ដាលផងដែរ។ ឯកឧត្តមបានចាត់ទុកថាកម្ពុជា និងឥណ្ឌាប្រៀបដូចជាបងប្អូន និងមិត្តភ័ក្រដ៏ល្អដែលមានអរិយធម៌ និងវប្បធម៌ស្រដៀងគ្នា៕