(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា គិតមកដល់ពេលបច្ចុប្បន្ន រដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានប្រមាណ ៥ លានបណ្ណរួចមកហើយ ចំណែកបណ្ណកម្មសិទ្ធិប្រមាណ ២ លានបណ្ណទៀតនឹងត្រូវបន្តចែកជូនប្រជាពលរដ្ឋជាបន្តបន្ទាប់នៅទូទាំងប្រទេស។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចែកបណ្ណ័សម្គាល់ម្ចាស់អចលនៈវត្ថុ (ផ្ទះសំបែង) ចំនួន ២០០ ខ្នងជូនដល់អតីតយុទ្ធជន គ្រួសារយុទ្ធជនរបួសពិការ និងមរណៈ សម្រាប់ប្រើប្រាស់ស្របច្បាប់នៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។
សម្ដេចធិបតីបានបញ្ជាក់ថា បុរីជនបទនឹងបន្តពង្រីកទៅតាមតំបន់នានានៅតាមបណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា ជាក់ស្តែង នៅថ្ងៃទី១៦ មករា ២០២៤នេះ ប្រជាពលរដ្ឋ ជាពិសេស អតីតយុទ្ធជនចំនួន ២០០ គ្រួសារ ក្នុងខេត្តស្វាយរៀង បានទទួលនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។ ក្នុងនោះមាន គ្រួសារពលី ២៤ នាក់ ស្រី ២៣ នាក់។ គ្រួសារទទួលមរណៈភាព ៧នាក់ ស្រី ៧នាក់, គ្រួសារបាត់បង់ ៣នាក់, គ្រួសារពិការ ៧០នាក់ ស្រី ១នាក់, គ្រួសារនិវត្តជន ២៩នាក់ ស្រី ៣នាក់, គ្រួសារយោធា ២៥នាក់ ស្រី ១នាក់, គ្រួសារប៉ូលីស ៣៦នាក់, គ្រួសារកងរាជអាវុធហត្ថ ៦នាក់។
សម្ដេចធិបតីមានប្រសាសន៍បញ្ជាក់ថា ដីឡូត៍ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនសម្បទានិកនាពេលនេះ គឺជាទ្រព្យមួយដ៏មានតម្លៃក្នុងការកែច្នៃជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។ នេះគឺជាការគិតគូរអំពីសេដ្ឋកិច្ចមូលដ្ឋាន និងផ្តល់មធ្យោបាយងាយស្រួលដល់ប្រជាពលរដ្ឋ អតីតយុទ្ធជន និងគ្រួសារងាយរងគ្រោះ ដែលស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ដែលការចុះបញ្ជី និងផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋ គឺជាកិច្ចការចម្បងដែលត្រូវបន្តអនុវត្តជាចាំបាច់។
សម្ដេចថ្លែងថា៖ «គិតមកដល់ពេលបច្ចុប្បន្ន រដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានប្រមាណ ៥លានបណ្ណរួចមកហើយ ចំណែកបណ្ណកម្មសិទ្ធិប្រមាណ ២លានបណ្ណទៀត នឹងត្រូវបន្តចែកជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ នៅទូទាំងប្រទេសផងដែរ»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវ «កម្មវិធីនយោបាយ សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨» ដោយនៅក្នុងគោលនយោបាយអភិវឌ្ឍតាមវិស័យ គឺបានផ្តោតសំខាន់លើការគ្រប់គ្រងដីធ្លី និងសំណង់ ដោយត្រូវបន្តអនុវត្តការកែទម្រង់ឱ្យកាន់តែសកម្ម និងស៊ីជម្រៅលើវិស័យដីធ្លី តាមរយៈការពង្រឹងការគ្រប់គ្រងដីធ្លី ដោយជំរុញបញ្ចប់ការចុះបញ្ជីដីលើកដំបូង, ជំរុញការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងជំរុញការចុះបញ្ជីបន្តដីគ្រប់ប្រភេទ ព្រមទាំងផ្តល់ប័ណ្ណកម្មសិទ្ធិជូនអ្នកកាន់កាប់ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌ។
លើសពីនេះ រដ្ឋាភិបាលក៏បន្តអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ដើម្បីចែកដីជូនប្រជាពលរដ្ឋស៊ីវិលក្រីក្រ ឬ ផ្ទះជូនដល់កងកម្លាំងកំពុងឈរជើងតាមព្រំដែន, អតីតកងកម្លាំងប្រដាប់អាវុធ, គ្រួសារដែលក្រីក្រ ដែលខ្វះដីប្រើប្រាស់ ប្រកបដោយតម្លាភាព និងសមធម៌៕