Alynana Media Cambodia
Icon Collap
clinic narit

តើកម្ពុជា អាចសម្រេចមហិច្ឆតាជាប្រទេស​ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០បានដែរឬទេ?

Admin Alynana | Jan 23, 2024
តើកម្ពុជា អាចសម្រេចមហិច្ឆតាជាប្រទេស​ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០បានដែរឬទេ?
Clinic narith

កម្ពុជា មានចក្ខុវិស័យប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។ តើកម្ពុជា អាចសម្រេចមហិច្ឆតានេះបានដោយរបៀបណា?

យោងតាមវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍកម្ពុជា(CDRI) បានបង្ហាញថា ដើម្បីផ្លាស់ប្ដូរឋានៈកម្ពុជា ពីប្រទេសមានចំណូល មធ្យមកម្រិតទាប (LMIC) ទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ (UMIC) ចំណូល​សម្រាប់ពលរដ្ឋកម្ពុជាម្នាក់ៗ (GNI per capita of current US$) ត្រូវកើនឡើងពីកម្រិតបច្ចុប្បន្នចំនួន ១ ៩១៧ ដុល្លារអាមេរិក នៅឆ្នាំ ២០២៣ ទៅយ៉ាងហោចណាស់ចំនួន ៤.០៤៦ដុល្លារ ក្នុងឆ្នាំ២០៣០ (យោងតាមចំណាត់​ថ្នាក់របស់ធនាគារពិភពលោកឆ្នាំ២០២២)។

មុនពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ អត្រាកំណើនសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសកម្ពុជា ក្នុងរយៈពេល​ពីរទសវត្សរ៍កន្លងមកនេះ បានធ្វើឱ្យចក្ខុវិស័យសម្រាប់ឋានៈជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ ជាគោលដៅដែលអាចសម្រេចបាន។ ជាអកុសលសេដ្ឋកិច្ចកម្ពុជា ត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកជាបន្តបន្ទាប់ ដែលបណ្តាលឱ្យមានកំណើនអតិផរណា និងអស្ថិរភាពភូមិ​សាស្ត្រនយោបាយ។ 

មុននឹងការមកដល់នៃជំងឺរាតត្បាត ការធ្វើពិពិធកម្ម សេដ្ឋកិច្ចមានកម្រិតរបស់កម្ពុជា មិនបានធ្វើឱ្យប៉ះពាល់ខ្លាំង​ដល់សន្ទុះលឿននៃកំណើននោះទេ ប៉ុន្តែវាប៉ះពាល់ដល់ព្រំដែន បរិយាបន្ន ទៅលើអ្នកដែល​ចូលរួមចំណែក​ក្នុងកំ​ណើននោះ ។ នៅចន្លោះឆ្នាំ២០១០ និង២០១៩ ប្រទេសកម្ពុជាបានឆ្លងកាត់បរិវត្តកម្មរចនាសម្ព័ន្ធ ដែលពាក់​ព័ន្ធនឹង​ការធ្វើចំណាកស្រុក ពីជនបទទៅទីក្រុង ពីព្រោះកម្លាំងពលកម្ម បានផ្លាស់ប្តូរពីរកសិកម្ម ទៅឧស្សាហកម្ម និងសេវា​កម្មវិញ។ ទោះជាយ៉ាងនេះក្តីបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចទាំងនេះ ប្រហែលជាឈានដល់ដែនកំណត់ហើយ។ ការពឹងផ្អែកទៅលើការបង្កើតផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់លើវិស័យតែមួយចំនួន បានជួយ​បង្កើនផលិតភាពបណ្តោះអាសន្ន ដែលមិនមាននិរន្តរភាពរយៈពេលវែង។ ដូច្នេះនាពេលអនាគត កំណើន​សេដ្ឋកិច្ច​របស់កម្ពុជា ត្រូវកើតចេញពីការធ្វើពិពិធកម្មក្នុងរង្វង់វិស័យនានា ដែលតម្រូវឱ្យមាន​ការផ្លាស់ប្តូរទៅការផលិត និងសេវាកម្ម ដែលផ្តល់តម្លៃបន្ថែមខ្ពស់លើគ្រប់វិស័យ។

ជាញឹកញាប់ ការធ្វើពិពិធកម្មប្រភេទនេះ ត្រូវបានហៅថា ការផ្លាស់ប្ដូរខ្សែចង្វាក់តម្លៃ នៅក្នុងវិស័យកម្មន្តសាល ការផ្លាស់​ប្តូរ​ខ្សែចង្វាក់តម្លៃតម្រូវឱ្យមានការចូលរួមកាន់តែច្រើននៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក ដែលកម្ពុជាបាន​ចាប់ផ្ដើមធ្វើ​រួចមកហើយ ប៉ុន្តែត្រូវចូលរួមឱ្យបានកាន់តែខ្លាំងថែមទៀត។

បរិវត្តកម្មរចនាសម្ព័ន្ធប្រភេទថ្មីនេះ នឹងតម្រូវឱ្យមានដំណោះស្រាយ ចំពោះឧបសគ្គទាក់ទងនឹងមូលធនមនុស្ស ថ្លៃដើមអាជីវកម្ម ព្រមទាំងគុណភាពស្ថាប័ន និងអភិបាលកិច្ច។

វិទ្យាស្ថាន CDRI បានធ្វើសិក្ខាសាលាពិគ្រោះយោបល់ និងការវិភាគជាបឋម ជាមួយភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ ទាក់ទងនឹងការស្រាវជ្រាវរបស់ខ្លួននាពេលកន្លងមក ស្តីពីចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០។ លទ្ធផលបានបង្ហាញ​ឱ្យឃើញថា ការសម្រេចបាននូវគោលដៅឆ្នាំ២០៣០ គឺជាកិច្ចការប្រកបដោយមហិច្ឆតាមួយ ក្នុងពេលដែល​មានបញ្ហា​ប្រឈមផ្នែកភូមិសាស្ត្រនយោបាយ និងការប្រែប្រួលយ៉ាងរហ័សនៃបរិយាកាសសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។ ការសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ គឺទាមទារឱ្យមានការធ្វើកំណែទម្រង់ស៊ីជម្រៅជាច្រើន ដើម្បីដោះស្រាយឧបសគ្គធំៗ ដែលរារាំងដល់កំណើន និងការអភិវឌ្ឍរយៈពេលវែង។

ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៣០គោលដៅទីមួយយ៉ាងពិតប្រាកដនិងប្រកបដោយនិរន្តរភាព កម្ពុជា​មិនត្រូវ​គិតត្រឹមតែធ្វើយ៉ាងណា ឱ្យមានកំណើនសេដ្ឋកិច្ចនោះទេ។ ផ្ទុយទៅវិញ កម្ពុជាត្រូវតែធានាថា កំណើន​នោះគឺប្រកប​ដោយភាពធន់ និរន្តរភាព និងបរិយាបន្ន ការផ្ដល់អាទិភាពលើគោលនយោបាយ ដែលរួមបញ្ចូលទាំងស្ត្រីនិងជនពិការ តាមរយៈការប្រយុទ្ធប្រឆាំងនឹងការរើសអើងក្នុងការជ្រើសរើសបុគ្គលិក និងការដំឡើងតួនាទី​តាមរយៈការផ្ដល់​ប្រាក់​ឧបត្ថម្ភថែទាំកុមារ និងការធានាបាននូវ ប្រាក់ឈ្នួលខ្ពស់ និងសន្តិសុខនៅកន្លែងធ្វើការនឹងធ្វើឱ្យកម្លាំង​ពលកម្​មរបស់ប្រទេសកម្ពុជា មានភាពរឹងមាំនាពេលអនាគត។ គោលដៅទីពីរ កម្ពុជាមិន ត្រូវផ្ដល់អាទិភាព ចំពោះតែការ​សម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៣០ ប៉ុណ្ណោះទេ ប៉ុន្តែត្រូវកសាងមូលដ្ឋានគ្រឹះរបស់ខ្លួន សម្រាប់វឌ្ឍនភាពនាពេល អនាគត ឆ្ពោះទៅសម្រេចបាននូវឋានៈជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ផងដែរ។

ការគិតគូរបែបនេះ នឹងនាំឱ្យប្រទេសកម្ពុជាជៀសផុតពីអន្ទាក់ នៃប្រទេសមានចំណូលមធ្យម ដែលប្រទេសជាច្រើន ជុំវិញពិភពលោក ធ្លាប់បានជួបប្រទះ។ គោលដៅទាំងពីរនេះ ក៏នឹងតម្រូវឱ្យមានការយកចិត្តទុកដាក់ជានិច្ច ក្នុងការ​ពង្រឹងមូលដ្ឋានគ្រឹះនៃមូលធនមនុស្សនិងស្ថាប័នប្រកបដោយនិរន្តរភាព ដែលគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែង៕