កម្ពុជា មានតម្រូវការកម្លាំងពលកម្មប្រមាណជាង ៣ម៉ឺនកន្លែង សម្រាប់បម្រើទៅលើវិស័យធំៗ ចំនួន ៣ រួមមានវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។
យោងតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រសួងមានតម្រូវការកម្លាំងពលកម្មចំនួន ៣០ ៣៦៦ កន្លែង សម្រាប់បម្រើទៅលើវិស័យធំៗ ចំនួន ៣ ក្នុងនោះ វិស័យឧស្សាហកម្មមានតម្រូវការច្រើនជាងគេ គឺមានចំនួន ១៤ ៩៤៧ កន្លែង វិស័យសេវាកម្មមានចំនួន ៤ ៥៧៨ កន្លែង និងវិស័យកសិកម្មមានចំនួន ១០ ៨៤១ កន្លែង។ ក្នុងនោះនៅខេត្តរតនគីរី មានតម្រូវការផ្នែកកសិកម្មចំនួន ៦ ៦០០ កន្លែង ខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មផ្នែកឧស្សាហកម្ម ៥ ០៨៥ កន្លែង។ ខេត្តក្រចេះ មាន ៥ ០៩៧ កន្លែង ក្នុងនោះផ្នែកឧស្សាហកម្ម ១ ០០០ កន្លែង និងកសិកម្ម ៤ ០៩៧ កន្លែង។ ខេត្តកំពង់ឆ្នាំង មានតម្រូវការផ្នែកឧស្សាហកម្មចំនួន ៤ ១៣៨ កន្លែង។ រាជធានីភ្នំពេញ មាន ២ ៦៨៣ កន្លែង ក្នុងនោះផ្នែកឧស្សាហកម្មចំនួន ៩៨៨ កន្លែង និងផ្នែកសេវាកម្មចំនួន ១ ៦៩៥ កន្លែង។ ខេត្តកំពង់ចាម មាន ១ ៥៧៧ កន្លែង ក្នុងនោះមានឧស្សាហកម្មចំនួន ១ ៣៩៨ កន្លែង និងសេវាកម្ម ១៧៩ កន្លែង។ ខេត្តពោធិ៍សាត់ មាន ១ ១៨៨ កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន ១០២ កន្លែង និងសេវាកម្មចំនួន ១ ០៨៦ កន្លែង។ ខេត្តស្វាយរៀង មានចំនួន ៩៣៣ កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន ៨៧២ កន្លែង និងសេវាកម្មចំនួន ៦១ កន្លែង។ ខេត្តកោះកុង មាន ៦៧៧ កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន ៥៩៩ កន្លែង សេវាកម្មចំនួន ៧៨ កន្លែង។ ខេត្តបន្ទាយមានជ័យមាន ៥៥៨ កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន ៧៩ កន្លែង សេវាកម្មចំនួន ៤៧៣ កន្លែង និងកសិកម្ម ៦ កន្លែង និងខេត្តផ្សេងៗ មាន ១ ៨៣០ កន្លែង ក្នុងនោះឧស្សាហកម្មមាន ៦៨៦ កន្លែង សេវាកម្ម ១ ០០៦ កន្លែង និងកសិកម្ម ១៣៨ កន្លែង។
ក្រសួងការងារ បានបន្តទៀតថា កម្លាំងពលកម្មជាង ៣ ម៉ឺនកន្លែង នឹងត្រូវបែងចែកទៅតាមប្រភេទមុខរបរចំនួន ១០ រួមមាន អ្នកបញ្ជាម៉ាស៊ីនដេរមានចំនួន ១២ ៩៣៩ កន្លែង កម្មករចម្ការដំណាំចំនួន ១០ ៧៦៩ កន្លែង អ្នកដុសខាត់លោហៈ អ្នកក្រឡឹងកង់ អ្នកសំលៀងឧបករណ៍ ១ ០០០ កន្លែង អ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើង ៥០១ កន្លែង កម្មករក្នុងផលិតកម្ម ៤៣៦ កន្លែង នាយកគ្រប់គ្រងអាជីវកម្មលក់រាយ និងលក់ដុំ ១៥៥ កន្លែង អ្នកបម្រើ ១៥១ កន្លែង មន្ត្រីឥណទាន និងកម្ចីប្រាក់ ១ ២៨៨ កន្លែង អ្នកបច្ចេកទេសខាងវិស្វកម្មអគ្គិសនី ១២៨ កន្លែង វិជ្ជាជីវៈខាងការផ្សព្វផ្សាយ និងទីផ្សារ ១០៦ កន្លែង និងមុខរបរផ្សេងៗ ២ ៨៩៣ កន្លែង៕