(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចាត់ទុកថា ការជួយដល់ប្រជាពលរដ្ឋ ក្នុងស្ថានភាពសេដ្ឋកិច្ចប្រទេសជាតិជួបការលំបាក ដោយសារវិបត្តិផ្សេង ប្រៀបដូចជាការជួយសេដ្ឋកិច្ចជាតិយ៉ាងដូច្នេះដែរ។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា សេដ្ឋកិច្ចជាតិមិនអាចមានលំនឹងនោះទេ ប្រសិនបើសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋគ្មានលំនឹង។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «នៅក្នុងដៃម្ខាងដែលយើងទប់សភាពការណ៍ ព្រោះប្រទេសនីមួយៗការទប់សភាពការណ៍ជួយប្រជាពលរដ្ឋ គឺជួយលំនឹងសេដ្ឋកិច្ចជាតិនោះ ព្រោះសេដ្ឋកិច្ចជាតិអាស្រ័យទៅលើប្រជាជន។ យើងមិនអាចមានរដ្ឋមួយមានលំនឹង ម៉ាក្រូសេដ្ឋកិច្ច បើជីវភាពរស់នៅរបស់ប្រជាជនគ្មានលំនឹង បើសិនជាការរកទទួលទានរបស់ប្រជាពលរដ្ឋអត់លំនឹងនោះទេ»។
បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា, ប្រជាពលរដ្ឋនីមួយៗ ជាកោសិកានៃសង្គម ការវាស់ស្ទង់សុខភាពសេដ្ឋកិច្ចជាតិ គឺវាស់ស្ទង់ទៅលើសេដ្ឋកិច្ចគ្រួសារនីមួយៗ នៃចំណូលមនុស្សម្នាក់ៗ។ រាជរដ្ឋាភិបាលកម្ពុជា បានជាការដាក់ចេញគោលនយោបាយអន្ដរាគមន៍សង្គមច្រើនណាស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការចង្អុលបង្ហាញរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីឲ្យធានានូវការដោះស្រាយបញ្ហាចំពោះមុខសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិរបស់យើង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា នយោបាយគាំពារសង្គម មិនមែនបង្កើតវប្បធម៌ពឹងផ្អែកនោះទេ ផ្ទុយទៅវិញជាការបង្កើតនូវវប្បធម៌ម្ចាស់ការ ជាការជួយពលរដ្ឋពេលមានបញ្ហា និងជួយទប់កុំឲ្យស្ថានភាពជីវភាពធ្លាក់ក្នុងស្ថានភាពលំបាក ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺជាក្រសួងដែលមានសមត្ថកិច្ចជួយពលរដ្ឋជួបការលំបាក នៅពេលពលរដ្ឋជួបបញ្ហា។
គួរជម្រាបថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុវត្តនូវកិច្ចអន្តរាគមន៍ជំនួយសង្គមចំនួន៥ នៅក្នុងដំណាក់កាលនៃការកើតមាននូវវិបត្តិផ្សេងៗ ដូចខាងក្រោម៖
១៖ កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដោយបានផ្តល់សេវាជូនអ្នក ទទួលផលសរុបចំនួនជាង ៣៦ម៉ឺននាក់ ចំណាយថវិកាអស់ ៣២លានដុល្លារ ហើយកម្មវិធីនេះ ជាកម្មវិធីអចិន្ត្រៃយ៍។
២៖ កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ដោយអនុវត្តបាន ចំនួន ៤២ លើក គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ និងបានបើកផ្ដល់ ដល់គ្រួសារក្រីក្រក្នុងវង្វង់ ៧១ម៉ឺនគ្រួសារ ដោយចំណាយថវិកាអស់ប្រមាណជាង ១,៣០៦លានដុល្លារ ។
៣៖ ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព, និង គ្រួសារ ប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «២០ កុម្ភៈ ២០២១» ដែល បានអនុវត្តពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ និងបានបិទបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២១ និងបាន បើកផ្ដល់ដល់អ្នកទទួលផលចំនួន ១២៩,៦៦៦ គ្រួសារ ដោយចំណាយថវិកាចំនួន ៦.៦៨លាន
ដុល្លារ។
៤៖ កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសាររងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធរពីគ្រោះទឹកជំនន់ ដែលបានអនុវត្តនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ហើយបិទបញ្ចប់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលបើកផ្ដល់ដល់អ្នកទទួលផលសរុបចំនួន ៩៩,១៦៩គ្រួសារ ដោយចំណាយថវិកាសរុប ១១.៧០
លានដុល្លារ។
៥៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណាដែល បានចាប់ផ្តើមអនុវត្តនៅខែធ្នូ ឆ្នាំ២០២២ និងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៣ មានអ្នកទទួលផលសរុប ចំនួន ៤៩៥,៣០៧គ្រួសារ ដោយចំណាយថវិកាអស់ចំនួន ៤៤លានដុល្លារ៕