(ភ្នំពេញ)៖ កម្ពុជា-ថៃ ឯកភាពគ្នា ក្នុងការសម្រួលទិដ្ឋាការដល់ពលករឆ្លងដែន សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវ អញ្ជើញត្រឡប់មកដល់មាតុភូមិវិញ នាយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយបញ្ចប់ដំណើរទស្សកិច្ច នៅប្រទេសថៃ។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា-ថៃ ឯកភាពគ្នា ក្នុងការសម្រួលដំណើរទៅវិញទៅមករបស់ពលករ ក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីជាតិ នៅខែមេសា ខាងមុខនេះ។ ឧទាហរណ៍៖ តាមរយៈការសម្រួលថ្លៃទិដ្ឋាការ ទៅវិញទៅមក»។
លើសពីនោះទៀត លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានគូសបញ្ជាក់ថា កម្ពុជា-ថៃ ក៏បានបេ្ដជ្ញាចិត្ដខ្ពស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការ ក្នុងវិស័យទេសចរណ៍ ស្របតាមពាក្យស្លោក «ព្រះរាជាណាចក្រ២ គោលដៅទេសចរណ៍តែមួយ» ផងដែរ។
សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក នឹងប្រព្រឹត្តិទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤៕