(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នៅតែបន្តផ្ដល់សារៈសំខាន់នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបន្តជ្រោងទង់កាន់តែខ្ពស់ ក្នុងការកែទម្រង់នេះ រួមទាំងដើរតាមអភិក្រមទាំងប្រាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤» នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការពង្រឹងគណនេយ្យភាព សមិទ្ធកម្ម នៅក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការលើកតម្កើងវប្បធម៌គុណាធិបតេយ្យ គឺជាការ ចាំបាច់បំផុតក្នុងការផ្តល់ឱកាស និងលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ប្រកបដោយសមធម៌ និងយុត្តិធម៌ ជូនដល់មន្រ្តីបុគ្គលិកគ្រប់ជាន់ថ្នាក់ ដោយផ្អែកលើគុណសម្បត្តិស្របតាមគុណវុឌ្ឍ បទពិសោធន៍សមត្ថភាព ឆន្ទៈ និងវិន័យក្នុងការបំពេញការងារ ខណៈគោលការណ៍ត្រូវអនុវត្តមិនត្រឹមតែក្នុងក្រប ខណ្ឌពិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវប្រែក្លាយទៅជាគោលការណ៍ អាទិភាពមួយរបស់រាជរដ្ឋាភិបាល សម្រាប់ពង្រឹងអភិបាលកិច្ច និងសមត្ថភាព ស្ថាប័ននៅក្នុងគ្រប់កម្រិតផងដែរ។
សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា« រាជរដ្ឋាភិបាលអាណត្តិទី៧នឹងបន្តជ្រោងទង់កាន់តែ ខ្ពស់នៅស្មារតីនៃការកែទម្រង់ និងនៅតែប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ប្រការ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ការបំពេញការងាររបស់ខ្លួនដែលជាស្មារតីបុរេសកម្មភ្ញាក់រលឹក និងម៉ឺងម៉ាត់ក្នុងការទម្រង់មុតស្រួចស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ពោលគឺ«ឆ្លុះកញ្ចក់ ងូតទឹក ដុសក្លែល ព្យាលបាល និងវះកាត់»។
យ៉ាងណាក៏ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ដើម្បីឲ្យការកែទម្រង់នេះទទួលបានជោគជ័យត្រូវតែផ្អែកលើកត្តាសំខាន់ចំនួនបួនផងដែរ ដោយក្នុងនោះ ទី១.ត្រូវមានចក្ខុវិស័យ ច្បាស់លាស់.ទី២.ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ ទី៣.ត្រូវមានការចូលរួមដោយស្មោះត្រង់ និងទី៤.ត្រូវតែមានការ លះបង់ជាដើម៕