(កោះកុង)៖ ចាប់តាំងពីខែមករា ដើមឆ្នាំ២០២៤ មកទល់បច្ចុប្បន្ន ក្រុមអភិរក្សសត្វអណ្តើកហ្លួង ឬសរសៃ នៃរដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) បានរកឃើញពងអណ្តើកហ្លួងចំនួន ២០សំបុក មានពងសរុបចំនួន ២០៦គ្រាប់ នៅលើឆ្នេរខ្សាច់សិប្បនិមិត្តក្បែរស្រះបង្កាត់ពូជមួយក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង។
យោងតាមរូបភាពដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលក្រុមការងារបានដាក់ចាំថតនៅលើឆ្នេរខ្សាច់នោះ បានបង្ហាញថា មានអណ្តើកមេជាច្រើនក្បាលបានឡើងពីស្រះបង្កាត់ពូជមកកាយខ្សាច់ទម្លាក់ពងនៅវេលាចន្លោះម៉ោង ៨យប់ ដល់ម៉ោង៤ព្រឹកទៀបភ្លឺ។ នេះជាឆ្នាំទី៤ហើយដែលមេពូជអណ្តើកហ្លួងបានទម្លាក់ពងនៅក្នុងមជ្ឈមណ្ឌលក្នុងប្រទេសកម្ពុជា។
ក្រុមអ្នកអភិរក្សបានរំពឹងថា នឹងរកឃើញពងអណ្តើកហ្លួង នៅក្នុងមជ្ឈមណ្ឌលនេះបន្ថែមទៀតក្នុងរដូវពងកូនឆ្នាំ២០២៥ ដែលចាប់ផ្តើមពីខែមករា រហូតដល់ខែមីនា។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ដារចំនួនសត្វអណ្ដើកហ្លួង។ តួយ៉ាងអណ្ដើកហ្លួងចំនួន ២៦៨ក្បាល កំពុងស្ថិតក្រោមការថែទាំ ក្នុងនោះមានកូនអណ្ដើកដែលទើបតែញាស់ក្នុងឆ្នាំ២០២៣ ចំនួន ១១៨ក្បាល ផងដែរ។ ការបង្កាត់ពូជអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌល ជាគោលដៅអភិរក្សរបស់អង្គការ WCS និងរដ្ឋបាលជលផល សំដៅស្តារចំនួនប្រភេទអណ្តើកហ្លួងនេះឱ្យមានច្រើននៅក្នុងធម្មជាតិឡើងវិញ។
សត្វអណ្ដើកហ្លួង ឬអណ្ដើកសរសៃ ស្ថិតនៅក្នុងចំណោមប្រភេទអណ្ដើកទឹកសាបទាំង ២៥ប្រភេទ លើសកលលោក ដែលកំពុងប្រឈមនឹងការផុតពូជ និងត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអណ្តើកជិតផុតពូជបំផុត និងជាប្រភេទឧរង្គសត្វតំណាងឱ្យប្រទេសកម្ពុជាផងដែរ តាំងពីឆ្នាំ២០០៥៕