(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គ្មានអ្នកណាហាមឃាត់កម្ពុជាមិនឱ្យមានមហិច្ឆតាធំអភិវឌ្ឍខ្លួនឱ្យបន្តរីកចម្រើននោះទេ កម្ពុជាមិនត្រឹមតែគិតធំប៉ុណ្ណោះទេ តែក៏បានគិតគូររៀបចំផែនការអភិវឌ្ឍន៍មុនផងដែរ ពីព្រោះការរៀបចំផែនការមេនិងកំណត់ទិសដៅច្បាស់លាស់ជាមុននេះ មានសារសំខាន់ណាស់សម្រាប់ការធ្វើដំណើរវែងឆ្ងាយ។
ការបញ្ជាក់បែបនេះរបស់សម្ដេចធិបតី ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង៥ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «គ្មានអ្នកណាមួយហាមកម្ពុជាមិនឱ្យមានមហិច្ឆតាធំដើម្បីការអភិវឌ្ឍនោះទេ កម្ពុជាដាក់ទិសដៅក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០»។
សម្ដេចធិបតីក៏ធ្លាប់បានលើកឡើងរឿងនេះជម្រាបជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស ផងដែរ ហើយលោកអគ្គលេខាធិការបានលាន់មាត់ថា «កម្ពុជាពិតជាមានមហិច្ឆតាខ្ពស់ណាស់!» សម្ដេចធិបតីក៏បានបញ្ជាក់ទៅវិញថា «ទាល់តែយើងដាក់ទិសដៅខ្ពស់ ទើបយើងប្រឹងអស់លទ្ធភាព ដើម្បីធានានូវភាពម្ចាស់ការរបស់យើង»។ សម្ដេចធិបតីបានបន្ថែមថា កម្ពុជាមិនត្រឹមតែមានមហិច្ឆតាគិតធំទេ តែក៏បានគិតមុន មានបុរេសកម្ម និងការព្យាករទៅអនាគត ដើម្បីប្រទេសជាតិអាចម្ចាស់ការខ្លួនឯង។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា ជាការពិតណាស់ កិច្ចការមួយចំនួនធនធានមនុស្សរបស់កម្ពុជាមិនទាន់ធ្វើបានដោយខ្លួនឯងនោះទេ តែយើងនៅតែបង្កើនសមត្ថភាពធនធានមនុស្សរបស់យើងរាល់ថ្ងៃ ដើម្បីឈានទៅភាពម្ចាស់ការខ្លួនឯង បង្កើតខ្លួនឯង ប្រើប្រាស់ខ្លួនឯង អភិវឌ្ឍកិច្ចការដោយខ្លួនឯង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំឭកថា កាលពីឆ្នាំ១៩៩០ជាង រាល់ការសរសេរផែនការរបស់ជាតិ ភាគច្រើនគឺកម្ពុជាពឹងអង្គការដៃគូអភិវឌ្ឍន៍ពីក្រៅប្រទេសឱ្យមកជួយសរសេរ ដោយសារកាលណោះធនធានមនុស្សយើងកំពុងសិក្សានៅក្នុងប្រទេសផង និងទៅទទួលការបណ្ដុះបណ្ដាលនៅក្រៅប្រទេសផង តែបច្ចុប្បន្នកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ ដូច្នេះរាល់ផែនការទាំងឡាយតាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ គឺត្រូវបានសរសេរដោយមន្ត្រីរាជការខ្មែរ អ្នកជំនាញជនជាតិខ្មែរ។
សម្ដេចបានថ្លែងទៀតថា ពីឆ្នាំ១៩៩០ជាងមក កម្ពុជាទាក់ទាញការវិនិយោគបានតែក្នុងកម្រិតទាប និងប្រើប្រាស់កម្មករជំនាញកម្រិតទាបៗប៉ុណ្ណោះ តែក្រោយមកក៏អាចទាក់ទាញការវិនិយោគកម្រិតធ្ងន់ដែលប្រើប្រាស់បច្ចេកវិទ្យាលំដាប់ធំៗ ព្រោះយើងមានធនធានមនុស្សកម្ពុជាបច្ចុប្បន្ន មានអ្នកជំនាញសម្រាប់បម្រើការនៅក្នុងឧស្សាហកម្មធំៗទាំងនោះ។ ការណ៍ដែលកម្ពុជាអាចទាក់ទាញអ្នកវិនិយោគប្រភេទនេះបាន គឺដោយសារយើងមានធនធានមនុស្សកម្រិតខ្ពស់ ដែលទទួលការបណ្ដុះបណ្ដាលក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ដោយបាននិងកំពុងផ្ដល់គុណសម្បត្តិសម្រាប់ការប្រកួតប្រជែង និងពង្រឹងភាពម្ចាស់ការរបស់ជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ការកសាងមូលធនមនុស្ស គឺជាការកិច្ចអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧៕